(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសសំណូមពរទៅកាន់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យកាត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត និងកន្លែងកម្សាន្តនានា ដើម្បីការពារទប់ស្កាត់ និងការបង្ការ នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ទៅកាន់តំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា។

ការសំណូមពរបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារក្នុងសន្និសីទសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល សំណូមពរកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត ឬតំបន់កម្សាន្តនានា ដើម្បីចៀសវាងការនាំមេរោគពីកន្លែងមួយ ទៅកាន់កន្លែងមួយ ឬនាំមេរោគចូលក្នុងផ្ទះ ឬនាំពីទីក្រុងទៅជនបទ ឬពីជនបទចូលមកទីក្រុងវិញ»

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមន្ត្រីរាជការ កម្មករ កម្មារីនី សុំការយោគយល់ ចំពោះការសម្រេចក៏លំបាកនេះ របស់រាជរដ្ឋាភិបាល។ សម្តេចតេជោ អំពាវនាវដល់កម្មករ កម្មការិនី បន្តការងារដើម្បីយកប្រាក់សិន រង់ចាំការសងថ្ងៃសំរាកវិញ នៅពេលសមស្រប។ ដូច្នេះ សម្រាប់ថវិកា ដែលរាជរដ្ឋាភិបាល បានឧមត្ថម្ភសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនមានការដកយកមកវិញនោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ រៀបចំទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន ដូចធម្មតាចុះ គឺមិនមានការហាមឃាត់នោះទេ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល ហាមឃាត់ចំពោះការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងការជួបជុំគ្នាលេងល្បែងផ្សេងៗ ព្រមទាំងការដើរកម្សាន្តទៅកាន់តំបន់នានា តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់តំបន់ផ្សេងៗនេះ គឺស្ថិតនៅក្នុងចំណោមវិធានការការពារ ទប់ស្កាត់ បង្ការនៃការរីករាលដាលវីរុស COVID-19 ផងដែរ។ ដូច្នេះ រាជរដ្ឋាភិបាល ក៏បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ព្រមទាំងមិនអនុញ្ញាតឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជនឈប់សម្រាក ដោយប្រកាសឱ្យធ្វើការជាធម្មតា ហើយរដ្ឋនឹងសងមកវិញ នៅក្នុងពេលសមស្របណាមួយផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានបន្ថែមទៀតថា ទោះបីជាឈប់សម្រាកយ៉ាងណាស ក៏មិនមែនជាប្រការល្អនោះដែរ ពីព្រោះរាជរដ្ឋាភិបាលបានហាមមិនឱ្យទៅស្រុកកំណើត។ ម្យ៉ាងទៀត ប្រជាជននៅជនបទភ័យខ្លាចប្រជាជននៅទីក្រុងនាំជំងឺទៅដល់ជនបទ រីឯអ្នកទីក្រុងក៏ខ្លាចនាំជំងឺពីជនបទចូលមកទីក្រុងដែរ ដូច្នេះ ប្រសិនបើខ្លាចទៅខ្លាចមកបែបនេះ យល់ល្អត្រូវតែដាក់ខ្លួនឯងឱ្យនៅនឹងកន្លែងតែម្ដងចុះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ផងដែរ៕