(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា រដ្ឋាភិបាលវៀតណាម បានគាំទ្រទៅនឹងសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រឿងបញ្ឈប់ការជួលដីពីពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

ការអះអាងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីស្នើអន្តរាគមន៍ដល់ ពលរដ្ឋវៀតណាមឱ្យជួលដីពីពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន ។

ឆ្លើយសំណួអ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ សម្តេចក្រឡាហោម ស ខេង បានអះអាងថា វៀតណាមបានឆ្លើយតបចំពោះសំណើនេះ។ សម្តេចថា «ជាគោលការណ៍ខាងវៀតណាមគាំទ្រ ឥឡូវសម្តេចតេជោ បានប្រគល់ឱ្យខ្ញុំ ដើម្បីដឹកនាំកិច្ចការនេះបន្ត ប៉ុន្តែឥឡូវនេះ យើងកំពុងរង់ចាំព័ត៌មានពីបណ្តាខេត្ត តាមខ្ញុំដឹងគឺខេត្ត២ ឱ្យធ្វើរបាយការណ៍យ៉ាងយឺតខែ២ ត្រូវធ្វើរបាយការណ៍ អំពីការជួលប៉ុន្មានហើយអ្នកជួលគឺជានរណា ហើយនរណាអ្នកជួលឱ្យគេ ទំហំប៉ុន្មាន រយៈពេលប៉ុន្មានក្នុងកិច្ចសន្យា យើងនឹងដោះស្រាយបញ្ហានេះតាមករណីមួយៗ»។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឲ្យ លក់ឬជួល ដីស្រែ ដីចំការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ជាដើម ។ សារាចរបានបញ្ជាក់ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគិតយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឲ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគិតយុត្តត្រឹមត្រូវ ការជួលដីនោះ អាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឲ្យជួលដីនោះបន្តឲ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ៕