(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសំណូមពរទៅដល់មន្ត្រីរាជការ អ្នកបម្រើការក្នុងវិស័យឯកជន កម្មករនិយោជិត ក៏ដូចជាស្ថាប័នសាធារណៈ និងក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា សូមពន្យារពេលថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ «ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ប៉ុន្តែការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាង «គោរាគទេវី» ត្រូវធ្វើនៅតាមគេហដ្ឋានរៀងៗខ្លួនដូចរៀងរាល់ឆ្នាំ។

សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមប្រកាសពីវិធានការមួយក្នុងចំណោមវិធានការដទៃទៀត គឺផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលស្ថាប័នរដ្ឋ និងឯកជនត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកវិញនៅពេលសមស្រប»

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសំណូមពរដល់ប្រជាជនកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាផងដែរ។

សម្ដេចតេជោ បានបន្តថា ទោះបីជាឈប់សម្រាកយ៉ាងណា ក៏មិនមែនជាប្រការល្អនោះដែរ ពីព្រោះរាជរដ្ឋាភិបាលបានហាមមិនឱ្យទៅស្រុកកំណើត។ ម្យ៉ាងទៀត ប្រជាជននៅជនបទភ័យខ្លាចប្រជាជននៅទីក្រុងនាំជំងឺទៅដល់ជនបទ រីឯអ្នកទីក្រុងក៏ខ្លាចនាំជំងឺពីជនបទចូលមកទីក្រុងដែរ ដូច្នេះប្រសិនបើខ្លាចទៅខ្លាចមកបែបនេះ យល់ល្អត្រូវតែដាក់ខ្លួនឯងឱ្យនៅនឹងកន្លែងតែម្ដងចុះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ផងដែរ។ សម្តេចជោ សូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្សព្វផ្សាយបទបញ្ជាឱ្យស្ថាប័នរដ្ឋទាំងឡាយចាប់អនុវត្តតាមវិធានការទាំងនេះ ហើយចាំសងថ្ងៃឈប់សម្រាក ៥ថ្ងៃ ជូនមន្ត្រីរាជការទាំងនោះវិញ។

ចំពោះលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវចេញបទបញ្ជាឱ្យវិស័យឯកជនទាំងឡាយធ្វើការធម្មតា រួចហើយត្រូវសងថ្ងៃឈប់សម្រាកជូនបុគ្គលិក កម្មករនិយោជិតវិញ នៅពេលណាជំងឺកូវីដផុតរលត់បាត់ ឬពេលសមស្របណាមួយ៕