(ភ្នំពេញ)៖ លោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បន្តយកចិត្តទុកដាក់ប្រយុទ្ឋប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការពារក្នុងការជួយសង្គ្រោះអាយុជីវិត និងការការពារសុខភាពប្រជាជននៅក្នុងភូមិឃុំ។

ថ្លែងក្នុងពីធីសំណេះសំណាលជាមួយលោកមេឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបនោះរួមមាន លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រធានគ្រប់ភូមិ និងលោក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។

លោក ស ថាវី បានបន្ថែមថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការពារ ប្រយុទ្ឋប្រឆាំងជាមួយការរីករាលដាលជំងឺកូវីដ១៩ ដ៏សាហាវនេះ សូមស្នើលោកមេឃុំពាក់ស្នែង និងប្រធានភូមិ ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ការងារមួយចំនួនដែលក្នុងនោះរួមមាន៖

*ទី១៖ ផ្សាព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមប្រយុទ្ឋប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ឋភាពខ្ពស់ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណកម្មការជាតិប្រយុទ្ឋប្រឆាំងកូវីដ១៩ខេត្តសៀមរាប ឲ្យមានប្រសិទ្ឋភាពខ្ពស់

*ទី២៖ ផ្សាព្វផ្សាយណែនាំប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព អនាម័យជាប្រចាំតាមរយៈ « ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីការសុវត្ថិភាព «ខ្លួនយើងគ្រួសារយើង សហគមន៍យើង»។

*ទី៣៖ បន្តតាមដានប្រជាពលរដ្ឋដែលជាពលករដែលត្រលប់មកពីប្រទេសជិតខាង ដែលមានអាការៈសង្ស័យឆ្លងកូវីដ១៩ និងការឲ្យរស់នៅដោយឡែក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល

*ទី៤៖ ក្នុងពិធីសំណេះសំណាលនេះ លោក ស ថាវី និងលោក ខៀវ ឆេន បាននាំយកអំណោយឧបត្ថម្ភរួមមាន ក្រមា ៥០០, សាប៊ូដុំ ៥កេះ, សាប៊ូម្សៅ ៣កេះ, អាល់កុលចំនួន១០០លីត្រ, អង្ករ២០បាវ, ទឹកស៊ីអ៊ីវ៥កេះ, ខិតបណ្ណអប់រំណែនាំ១០០សន្លឹក, ថវិកា ១.៣លានរៀល ជូនអង្គពិធីទាំងមូលផងដែរ។

ក្នុងនោះលោក ខៀវ ឆេន បានថ្លែងអំណរគុណដល់លោកមេឃុំ ប្រធានគ្រប់ភូមិទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួន តាមការណែនាំនិងសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប ក្នុងការជួយសង្គ្រោះអាយុជីវិត និងការការពារសុខភាពប្រជាជននៅក្នុងភូមិឃុំ។

លោកបានបន្ថែមថា រហូតមកដល់ពេលថ្ងៃនេះ ការរីករាលដាលកូវីដ១៩នៅជុំវិញពិភពលោក នៅកម្ពុជាក្នុងនោះខេត្តសៀមរាប បានក្លាយជាបញ្ហាប្រឈម និងធ្ងន់ធ្ងរចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាបំផុតដោយមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាជន សង្គមស៊ីវិល នៅទូទាំងប្រទេស៕