(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលជាប្រទេសរងការបំផ្លេចបំផ្លាញពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ក្រោយរួចផុតពីសង្រ្គៀមប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរស់នៅនិងធ្វើការដាំដុះសម្រាប់តែបំពេញតម្រូវគ្រួសារ ឬផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។ រយៈកន្លងមក បន្ទាប់ពីមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែនកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ជាថ្មីនៅលើឆាកអន្តរជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។

រហូតដល់ឆ្នាំ២០១០ ក្រោមការសម្រេចជាយុត្តិសាស្រ្ត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានផ្លាសប្ដូរពីកម្ពុជាពីប្រទេសធ្វើកសិកម្មដើម្បីបំពេញតែតម្រូវការទីផ្សារក្នុងស្រុក ទៅជាប្រទេសផលិតកសិកម្មនាំចេញទៅក្រៅប្រទេស។ នេះជាការផ្លាស់ប្ដូរមុខមាត់ថ្មីរបស់កម្ពុជាជាប្រវត្តិសាស្រ្ត បន្ទាប់ពីប្រទេសដ៏កំសត់មួយនេះក្រោកពីភ្លើងសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍មក។

បច្ចុប្បន្នកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មប្រមាន៣៤ភាគរយ។ ដែលមានផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២ ៨១៨ ៣២៣ហិកតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួន ៥៣៤ ០២៤ហិកតា ផ្ទៃដីដាំដុះដំណាំរួមផ្សំចំនួន ២៥ ២៤៩ហិកតា និងផ្ទៃដីដាំដុះដំណាំឧស្សាហកម្មចំនួន៤៧ ៩១៩ហិកតា។ នាំឲ្យការដាំដុះទាំងអស់នេះទាញយកកម្លាំងពលកម្មសរុបចំនួន៣៤ភាគរយ នៃកម្លាំងពលកម្មសរុប។ ដោយវិស័យទាក់ទាញកម្លាំងពលកម្មផ្សេងទៀតមានដូចជា វិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងឧស្សាហកម្ម។

ដោយសារតែវិស័យកសិកម្មនៅកម្ពុជាមានទ្រង់ទ្រាយធំបែបនេះហើយ ទើបនៅក្នុងឆ្នាំ២០១៩ កម្ពុជាបានផលិតស្បៀងអាហារសរុបចំនួន៣១លានតោន ដែលមានតម្លៃសរុបចំនួន១០ពាន់លានដុល្លារ។ ស្បៀងអាហារដែលកម្ពុជាផលិតបាន ត្រូវបាននាំចេញទៅក្រៅប្រទេសសរុបចំនួន៧លានតោន ហើយមានតម្លៃសរុបប្រមាណ ៣ពាន់លានដុល្លារ។

នៅក្នុងចំណោមស្បៀងអាហារដែលកម្ពុជាបាននាំចេញទៅក្រៅប្រទេសសរុប ក្នុងនោះអង្ករស្ថិតនៅក្នុងចំណាត់ថ្នាក់លេខមួយដែលបាននាំចេញច្រើនជាងគេបង្អស់។ តួយ៉ាងនៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករប្រមាណ៦២០,២៦៤តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០១៩បានឲ្យដឹងថា អង្ករដែលកម្ពុជាបាននាំចេញទៅក្រៅប្រទេសមានចំនួន៣ប្រភេទ ក្នុងនោះរួមមានអង្ករក្រអូប អង្ករសធម្មតា និងអង្ករចំហុយ។ ចំណែកឯទិសដៅសំខាន់ៗក្នុងការនាំចេញអង្ករកម្ពុជាមានចំនួន៣ គឺប្រទេសចិន សភាពអឺរ៉ុប និងរដ្ឋនៃសមាជិកអាស៊ាន។

នៅក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលបានកូតានាំចេញអង្ករ៤០០ពាន់តោនទៅកាន់ប្រទេសចិន ពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។ ការបើចំហរទីផ្សារអង្ករដ៏ធំសម្បើមនៃពីសំណាក់រដ្ឋាភិបាលចិននេះ បានធ្វើប្រទេសចិនក្លាយទៅជាទីផ្សារធំជាងគេបង្អស់ ក្នុងចំណោមទីផ្សារអន្តរជាតិធំៗទាំង៣របស់កម្ពុជា។ ហើយកាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអង្ករក្រអូបទៅកាន់ប្រទេសចិនចំនួន ២៤៨,១០៥លានតោន ដែលចំនួនមានការកើនឡើងចំនួន៣៣ភាគរយ បើប្រៀបធៀបរយៈពេលមួយឆ្នាំដូចគ្នាកាលពីឆ្នាំ២០១៨។

ចំនួននាំចេញទៅកាន់ទីផ្សារចិននេះ មានចំនួនប្រមាណ៤០ភាគរយនៃការនាំចេញអង្ករសរុបទៅកាន់ទីផ្សារអន្តរជាតិ។ ចំនួននៃការនាំចេញអង្ករក្រអូបដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រទេសចិននេះ បានធ្វើឲ្យទីផ្សារចិនវ៉ាដាច់ ទីផ្សារអង្ករកម្ពុជានៅអឺរ៉ុប ដែលតែងតែនាំមុនគេនាពេលកន្លងមក ។ នេះបើតាមការបញ្ជាក់ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនេសាទ។

លោក វេង សាខុន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាយើងបានដឹងទាំងអស់គ្នាថា ប្រជាជនចិនមានចំនួនប្រមាណ១ពាន់៤០០លាននាក់ ដែលត្រូវការម្ហូបអាហារជាច្រើន។ បើក្រឡេកមើលមកប្រទេសកម្ពុជា គឺជាប្រទេសតូចមួយ ហើយយើងសង្ឃឹមថាទីផ្សារចិន សំខាន់សម្រាប់ទីផ្សារកសិកម្មរបស់យើងមានទំហំធំ។ ប៉ុន្តែទន្ទឹមនិងយើងមានក្ដីសង្ឃឹមពង្រីកទីផ្សារចិននៅពេលខាងមុខនេះ ក៏យើងត្រូវគិតគូរពីខ្លួនឯងផងដែរ។ ទាំងការដាំដុះ ការរៀបចំកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូន ក៏យើងត្រូវគិតគូរដែរ។ ព្រោះប្រទេសចិនគឺគេកំណត់ជើងច្បាស់លាស់ ថាមុននឹងនាំចេញផលិតផលអ្វីមួយគឺចាំបាច់ណាស់ រដ្ឋាភិបាលចិន ត្រូវបញ្ជូនបេសកម្មដែលមកត្រួតពិនិត្យ ទៅលើការដាំដុះរបស់យើង ការកែច្នៃ ការវេចខ្ចប់ ដែលមានប្រសិទ្ធភាពខ្ពស់ ទើបគេទទួលយកបាន»

ការនាំចេញអង្ករទៅកាន់សាធារណរដ្ឋប្រជាមានិតចិន គឺជាសញ្ញាណវិជ្ជមានមួយក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជានេះ លោក សម សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia។ អគ្គនាយកនៃក្រុមហ៊ុនធំមួយក្នុងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរូបនេះ បានឲ្យដឹងទៀតថា ប្រទេសចិនជាប្រទេសដែលមានការភិវឌ្ឍខ្លាំង មិនតែប៉ុណ្ណោះប្រជាជនចិន មានការចូលចិត្តប្រភេទអង្ករក្រអូប ប្រណិត ដែលនេះជាឱកាសដែលកម្ពុជាអាចចាប់យកទីផ្សារអង្ករក្រអូប ប្រណីត ដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ។

លោក សម សារ៉ន បញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយហេតុតែក្រុមហ៊ុនរបស់យើង យើងផ្ដោតលើអង្ករក្រអុប ហើយជម្រុញការនាំចេញអង្ករប្រណិត ដូច្នេះទីផ្សារចិនគឺជាទីផ្សារមួយដែលកំពុងពេញនិយម សព្វថ្ងៃនេះដែលគេហៅថា New Emerging Market។ ចិនគឺជាប្រមានការអភិវឌ្ឍលឿន ហើយចំណូលរបស់ប្រជាជនគាត់ពីកម្រិតធម្យម បានឡើងដល់លើសមធ្យម ធ្វើឲ្យគាត់ចូលចិត្តអង្ករល្អដែរ ដែលមានទាំងគុណភាព និងសុខភាព យើងឃើញថាមានការកើនឡើង»

ក្រោយពីបានផ្ដល់កូតាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អង្ករកម្ពុជា ពីសំណាក់សាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល៣ឆ្នាំកន្លងមក ពោលគឺចាប់តាំងពីឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលកូតានាំចេញអង្ករទៅកាន់មហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកចំនួន ៤០ម៉ឺនតោន។ ការផ្ដល់កូតាអង្ករកម្ពុជានេះ មិនត្រឹមតែអ្នកជំនួយលើវិស័យនាំចេញអង្ករកម្ពុជានោះទេដែលរីករាយចិត្ត ចំណែកឯកសិករ ដែលជាអ្នកដាំដុះស្រែស្រូវផ្ទាល់នោះ ក៏មានការអបអរសាទរ យ៉ាងខ្លាំងផងដែរ។ ការសាទររបស់កសិករ ព្រោះតែការប្ដូរមកដាំអង្ករប្រភេទក្រអូប ប្រណិតនេះ ធ្វើឲ្យតម្លៃស្រូវរបស់កសិករហក់ឡើងថ្លៃជាងមុន នាំឲ្យជីវភាពរបស់ប្រជាកសិករកាន់តែប្រសើរឡើងជាលំដាប់។

លោក ស៊ឹម សុខុន ក្នុងនាមជាមេឃុំឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ កសិករធ្វើស្រែបានផ្ដល់ច្រើនជាងឆ្នាំកន្លងទៅ ដោយស្រូវក្នុងមួយហិកតា អាចប្រមូលផលពី៤តោន ទៅ៥តោន។ អ្វីដែលសំខាន់នោះកសិករនៅក្នុងការគ្រប់គ្រងមូលដ្ឋានរបស់លោកមេឃុំខាងលើ មានភាពសប្បាយរីករាយខ្លាំងជាងឆ្នាំកន្លងទៅ ដោយសារតែតម្លៃស្រូវឡើងថ្លៃ និងមានទីផ្សារជាងមុន បន្ទាប់ពីកសិករបានប្ដូរមកដាំដុះប្រភេទស្រូវក្រអូបវិញ។ ខាងក្រោមនេះជាការបញ្ជាក់ពីលោក ស៊ឹម សុខុន មេឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ....

«បើខែវស្សាគាត់ប្រើស្រូវធ្ងន់ ហើយខែប្រាំងគាត់ប្រើស្រូវស្រាលមានដូចជាស្រូវអ៊ីអឹម ស្រូវអ៊ីអ៊ែ និងស្រូវអូអឹម។ ចំណែកក្នុងតម្លៃស្រូវទាំងវស្សាទាំងប្រាំងឆ្នាំមុនមានការចុះថ្លៃខ្លះ តែនៅក្នុងឆ្នាំនេះទិន្នផលស្រូវក៏បានច្រើនគួរសម ហើយតម្លៃស្រូវវិញមានការឡើងថ្លៃជាងឆ្នាំមុន។ កាលពីមុន៦៥០រៀល ទៅ៦៦០រៀលតែប៉ុណ្ណោះ តែឆ្នាំនេះបាន៧៧០រៀល ទៅ៧៩០រៀល។ បានធ្វើឲ្យប្រជាពលរដ្ឋគាត់មានការសប្បាយចិត្តច្រើនជាងឆ្នាំមុន ហើយក៏ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្ញុំមានការរីកចម្រើនច្រើនជាងមុនផងដែរ»

ភាពសប្បាយរីករាយនេះមិនត្រឹមលោកមេឃុំ នោះទេដែលបានបញ្ជាក់ ក្រោយពីជួបលោក ងួន ប៉ាក ដែលជាកសិករមួយរូបនៅក្នុងចំណោមកសិករ៩៥ភាគរយនៃឃុំទ្រា ស្រុកសំរោង ខេត្តតាកែវខាងលើបានបង្ហាញភាពសប្បាយរីករាយរបស់លោក ក្រោយពីតម្លៃស្រូវបានឡើងថ្លៃ ខណៈដែរទិន្នផលស្រូវបានកើនឡើងបានច្រើនជាងឆ្នាំកន្លងទៅ។ ទន្ទឹមនិងភាពសប្បាយរីករាយ កសិករស្ថិតនៅក្នុងឃុំដែលមានប្រជាពលរដ្ឋសរុប២១៧៥គ្រួសារខាងលើ ក៏ទន្ទឹងរង់ចាំការផ្ដល់នូវពូជស្រូវក្រអូបថ្មីៗ ជាមួយនិងការបណ្ដុះបណ្ដារបន្ថែមទៀត សំដៅធ្វើយ៉ាងធ្វើស្រែឲ្យត្រូវជាមួយទីផ្សារអន្តរជាតិ។

លោក ងួន ប៉ាក បញ្ជាក់យ៉ាងដូច្នេះថា៖ «សប្បាយចិត្តណាស់បើសិនជាខាងក្រៅនោះ(ចិន)គេទិញ យើងនាំចេញទៅបានថ្លៃកាន់តែល្អ បានន័យថារដ្ឋាភិបាលយើងបានជួយដោះស្រាយប្រជាជន។ ហើយប្រជាជនបើសិនជាមិនមានខាងលើជួយដោះស្រាយទេ គ្នាធ្វើហើយមិនដឹងយកទៅឯណាទេ។ ខ្ញុំក៏អរគុណដល់សម្ដេច ហ៊ុន សែន ដែរ ដែលកាត់បានខ្នះខ្នែងជួយប្រជាជនយើងច្រើនណាស់។ បើយើងមើលទៅខុសពីគាត់ក៏ពិបាកដែរ បើយើងមើលទៅការដឹកនាំប្រទេសនីមួយៗមិនមែនស្រួលទេ»

ឆ្នាំ២០១៧ គឺជាឆ្នាំដំបូងដែលកម្ពុជាបានទទួលកូតានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ក្នុងចំនួន១០ម៉ឺនតោន។ ក្រោយទទួលបានកូតានេះ កម្ពុជាបាននាំអង្ករចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិនបានរហូតដល់ទៅជិត២០ម៉ឺនតោន លើសចំនួនកូតាកំណត់។ ទើបរដ្ឋាភិបាលនៃប្រទេសសម្ព័ន្ធមិត្តយូរអង្វែងរបស់កម្ពុជាមួយនេះ បានបន្ថែមចំនួនកូតាថ្មីនៅឆ្នាំ២០១៨ រហូតដល់ទៅ ៣០ម៉ឺនតោន ក្នុងនាំអង្ករទៅកាន់ទីផ្សារនៃប្រទេសមួយនេះ។

ជាការគួរឲ្យសោកស្ដាយ ដែលនៅក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំអង្ករទៅកាន់សាធារណរដ្ឋប្រជាមានិតចិនបានត្រឹមតែ ១៧ម៉ឺនតោនតែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៩ កម្ពុជាបានទទួលកូតានាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន៤០ម៉ឺនតោន ហើយជាលទ្ធផលកម្ពុជាអាចនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិដ៏ធំមួយនេះត្រឹមតែជាង២៤ម៉ឺនតោនតែប៉ុណ្ណោះ។

ការនៅមិនទាន់អាចបំពេញតម្រូវការទីផ្សារដែលកំពុងបើកទូលាយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនេះ គឺជាភាពចាំបាច់ដែលក្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បំផុត។ ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការទីផ្សារអន្តរជាតិដំធំទូលាយមួយនេះ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន បញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាប្រឈមខ្លះៗនៃការនាំចេញនេះ ដោយសារប្រទេសចិនបានប្រគល់ភារៈកិច្ចទៅឲ្យ Cofco ដែលជាក្រុមហ៊ុនរដ្ឋមួយក្នុងការគ្រប់គ្រងនាំចូលអង្ករ។ ហើយជាធម្មតាប្រទេសនីមួយៗគេមានការប្រយ័ត្នប្រយ៉ែងក្នុងការត្រួតពិនិត្យទំនិញនាំចូលនេះ ដោយធ្វើយ៉ាងណាឲ្យមានតុល្យភាពការផលិតក្នុងស្រុក និងការនាំចូល។ ដែលត្រូវបានគេបំពេញតម្លៃមួយថែមទៀត ដូច្នេះហើយមានការស្ទើស្ទាក់ បើទោះបីជាយើងបន្ថែមក្រុមហ៊ុនបន្ថែមទៀត ពីមុន២៦ ហើយឥលូវយើងថែម១៨ទៀតក៏ដោយក៏នៅមានការយឺតយ៉ាវដែរ នេះហើយជាបញ្ហាប្រឈមរបស់កម្ពុជា។

យើងកំពុងតែសម្របសម្រួលជាពិសេសក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំយន្តការសម្របសម្រួល ដើម្បីរៀបចំយន្តការសម្របសម្រួលដើម្បីចរចាជាមួយCofco។ Cofco ជាក្រុមហ៊ុនរដ្ឋរបស់សាធារណៈរដ្ឋប្រជាមានិតចិន ហើយយើងក៏កំពុងតែជម្រុញជាមួយវិស័យឯកជន ធ្វើយ៉ាងណាឲ្យវិស័យឯកជននៅកម្ពុជា ដែលមានបំណងនាំចេញអង្ករនោះបានធ្វើការជិតស្និតជាមួយCofco។ ប៉ុន្តែភារកិច្ចនេះ ជាភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីពន្លឿនការនាំចេញអង្ករនេះទៅកាន់ប្រទេសចិនឲ្យបានច្រើន»

ក្រៅពីការបំពេញតម្លៃបន្ថែមដែលនាំឲ្យអង្ករកម្ពុជាលក់នៅក្នុងទីផ្សារប្រទេសចិនមានតម្លៃថ្លៃនោះ កត្តាគួបផ្សំនៃការចំណាយលើច្រវាក់ផលិតកម្មអង្ករកម្ពុជាដែលមានថ្លៃដើមខ្ពស់ ក៏ជាកត្តាធ្វើឲ្យអង្ករកម្ពុជាមានតម្លៃថ្លៃលើទីផ្សារអន្តរជាតិផងដែរ។ នេះបើតាមការបន្ថែមពីលោករដ្ឋមន្រ្តីក្រសួងកសិកម្ម។

កត្តាដែលធ្វើឲ្យតម្លៃអង្ករកម្ពុជាថ្លៃ មានដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូនមានការលំបាក ដែលនាំឲ្យចំណាយពេលយូរ ថ្លៃដឹកច្រើន។ បន្ថែមលើនេះតម្លៃភ្លើង និងកង្វះខាតទឹកប្រើប្រាស់ក្នុងការដាំដុះក៏ជាកត្តាសំខាន់មួយផងដែរ។ ចំណែកឯការប្រកួតប្រេជែងជាមួយបណ្ដាប្រទេសជិតខាងរួមមានថៃ និងវៀតណាម ក៏ជារឿងសំខាន់ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិផងដែរ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់យ៉ាងដូច្នេះ៖ «ការនាំចេញរបស់យើងមានជួបបញ្ហាប្រឈមខ្លះៗ ជាពិសេសក្នុងការកែច្នៃអង្ករ ដោយសារតែអគ្គិសនីកម្ពុជាមានតម្លៃខ្ពស់ ទី២ ការដឹកជញ្ជូនរបស់យើងគឺមានថ្លៃខ្ពស់ផងដែរ ទី៣ គឺបញ្ហាប្រឈមនិងយើងទៅដណ្ដើមទីផ្សាររបស់គេ។ ព្រោះកន្លងទៅដូចជាប្រទេសថៃ ប្រទេសវៀតណាមជាដើម គឺគេមានទីផ្សាររួចហើយ យើងទៅដណ្ដើមទីផ្សាររបស់គេ។ ដោយយើងបង្ហាញថាគុណភាពអង្កររបស់យើងល្អ មានរសជាតិឈ្ងុយឆ្ងាញ់ ហើយនិងការផលិតជាលក្ខណៈសេរីរាង្គ ដែលធ្វើឲ្យយើងអាចដណ្ដើមបានទីផ្សារតិចតួចតែប៉ុណ្ណោះ។ នេះជាចំណុចមួយដែលកំពុងតែតានតឹងប្រកួតប្រជែង។ អីចឹងហើយបានជាចុងក្រោយនេះការនាំចេញគ្មានការកើនឡើង និងថមថយបន្តិចបន្តួចថែមទៀត ដោយសារការប្រកួតប្រជែងនេះឯង។ ជាពិសេសគឺបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ប្រទេសវៀតណាមក្ដី ប្រទេសថៃក្ដី ប្រទេសឡាវក្ដី សុទ្ធតែប្រទេសប្រកួតប្រជែង រួមជាមួយប្រទេសភូមាផងដែរ ប្រកួតប្រជែងនៅក្នុងការនាំចេញអង្ករពីប្រទេសគេ ដូច្នេះទីផ្សារចង្រ្អៀតណាស់ចំពោះការនាំចេញអង្ករ»

បញ្ហាមួយទៀតដែលសំខាន់ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ឬបណ្ដាប្រទេសផ្សេងទៀត គឺកត្តាពូជ។ ដោយសារតែបច្ចុប្បន្នអង្ករកម្ពុជាដែលកំពុងវាយលុកទីផ្សារប្រទេសចិន និងអន្តរជាតិ គឺប្រភេទអង្ករក្រអូបប្រណិត។ បើតាមការបញ្ជាក់ពីលោក សម សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia បានឲ្យដឹងថាផ្ទៃដីដាំដុះរបស់កសិករខ្មែរ គឺអាចផលិតផ្គត់ផ្គង់តម្រូវការទីផ្សារជាតិ និងអន្តរជាតិបាន ស្របជាមួយប្រជាពលរដ្ឋអាចផ្លាស់ប្ដូរពីប្រភេទស្រូវធ្ងន់ មកប្រភេទស្រូវក្រអូប បានយ៉ាងងាយ។ ប៉ុន្តែសម្រាប់សហគ្រិនរូបនេះមើលឃើញនោះ គឺក្រៅពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាតម្លៃភ្លើង និងប្រព័ន្ធធារាសាស្រ្តនោះ កត្តាឧបស័គ្គមួយទៀតគឺការផ្ដល់ពូជសុទ្ធទៅកាន់កសិករ។

លោក សម សារ៉ន បញ្ជាក់ថា៖ «ហើយអ្វីដែលយើងជួបគឺបញ្ហាអត់ពូជ យើងមិនមានពូជគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ដល់កសិករ។ អីចឹងអង្ករក្រអូបខ្លះដែលប្រជាពលរដ្ឋថ្មី ដែលប្ដូរមកដាំអង្ករប្រភេទក្រអូបហ្នឹង គឺមិនសុទ្ធល្អទេ។ ទី២គឺបញ្ហាជំងឺ ពេលណាយើងប្ដូរពីពូជមួយពូជមួយ គឺជាធម្មតាវាមានជំងឺ ហើយពូជខ្លះមិនល្អគាត់ទិញតៗគ្នាមក គឺវាមានជំងឺផ្ទុះឡើងមក។ ទី៣ កន្លែងខ្លះគឺមិនគ្រប់គ្រាន់ អីចឹងគាត់ផ្ដាស់ប្ដូរពីការដាំស្រូវប្រាំងមកដាំអង្ករក្រអូប គាត់អាចប៉ះដែរ។ អីចឹងហើយសូមថា នៅក្នុងដំណាក់កកាលនៃការផ្លាស់ប្ដូរនេះ គឺយើងនឹងជួបបញ្ហាមួយចំនួនដែលតម្រូវឲ្យ ខាងមន្រ្តីជំនាញ បច្ចេកទេស ទាំងក្រសួងកសិកម្ម ទាំងស្ថាប័នអង្ការដៃគូ ទាំងសហគមន៍កសិកម្ម ត្រូវពង្រឹងសមត្ថភាព ក្នុងការកែលម្អចំណុចខ្វះខាតរបស់ខ្លួន»

ជាការពិតណាស់ជុំវិញបញ្ហាដាំដុះស្រូវ ក្នុងនាមជាកសិករដែលបង្ករបង្កើនផលនៅក្នុងទឹកដីខេត្តតាកែវ នាភាគខាងត្បូងប្រទេសកម្ពុជាលោក ងួន ប៉ាក បានឲ្យដឹងថា ប្រសិនជារដ្ឋ ឬអង្គការណាមួយផ្ដល់ពូជស្រូវប្រភេទក្រអូប ដែលកំពុងពេញនិយមក្នុងទីផ្សារអន្តរជាតិនោះ បុរសខាងលើជឿជាក់ថា កសិករនឹងប្ដូរមកដាំដុះស្រូវប្រភេទក្រអូបនេះវិញ។ ដើម្បីចូលជួយលើកកម្ពស់ជីវភាពកសិករកម្ពុជា និងកសាងកេរិ៍តឈ្មោះកម្ពុជា តាមរយៈប្រភេទអង្ករក្រអូបប្រណិតនេះ។ តែយ៉ាងណាលោកក៏អំពាវនាវដល់រដ្ឋាភិបាលគិតគូលើការស្ដារប្រឡាយទឹក ឬជីកបន្ថែម សំដៅធ្វើយ៉ាងណាឲ្យមានប្រភពទឹកគ្រប់គ្រាន់ក្នុងការដាំដុះស្រែចំការ។

លោក ងួន ប៉ាក បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ជាការពិតណាស់យើងត្រូវការពូជសុទ្ធតែបើតម្លៃទាបកាន់តែល្អ ព្រោះប្រជាជនចង់បានថ្លៃដើមទាប តែបើខ្ពស់អត់មានលុយទិញពូជនេះទេ។ ហើយត្រូវការបច្ចេកទេស ព្រោះថាបើមិនចេះបច្ចេកទេសហើយយើងចេះតែធ្វើ គឺមិនសូវបានទទួលផលលនោះទេ។ បើមានការបង្រៀនបច្ចេកទេសអីចឹងទៅប្រជាជនធ្វើទៅបានផលហើយ។ សំខាន់មួយទៀតគឺមានទឹក បើមានទឹកប្រជាជនចេះតែធ្វើហើយ តែបើមិនមានទឹកគ្រប់គ្រាន់ទេមិនមានអីធ្វើទេ។ ជាធម្មតាមួយឆ្នាំធ្វើបានតែម្ដងទេ តែបើមានទឹកមួយឆ្នាំយើងធ្វើបាន២ដង។

បើទោះជាកម្ពុជាមិនទាន់អាចនាំអង្ករចេញទៅតាមគោលតាកំណត់ក៏ពិតមែន តែចំនួនអង្ករដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន នៅតែច្រើនជាងគេបង្អស់ នៅក្នុងទីផ្សារអន្តរជាតិទាំង៣របស់កម្ពុជា។ ក្នុងនាមអគ្គនាយកនៃក្រុមហ៊ុននាំ AMRU Rice Cambodia ដែលនាំចេញអង្ករដ៏ធំមួយនៅកម្ពុជា លោក សម សារ៉ន បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង ជួយជ្រោមជ្រែងក្នុងការបញ្ជ្រាបអង្ករក្រអូបកម្ពុជា ទៅកាន់ទីផ្សារចិន ទោះក្នុងរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន បើទោះជាពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់អាចនាំចេញអង្ករគ្រប់ចំនួនកូតាកំណត់ក៏ពិតមែន តែនៅពេលខាងមុខលោកជឿជាក់ថាកម្ពុជាអាចធ្វើបាន។

លោក សម សារ៉ន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ភាគីចិនគេជួយយើងណាស់ ក្នុងរយៈពេលមួយឆ្នាំ២ឆ្នាំនេះ គេជួយយើងដុតដៃដុតជើងមែនទែន ទាំងការផ្សព្វផ្សាយអង្ករយើង ជម្រុញការលក់នៅក្នុងប្រទេសចិន គឺខ្ញុំអរគុណគាត់ ក្នុងនាមសហព័ន្ធស្រូវអង្ករ គឺម៉ាស៊ីនកិនស្រូវមួយចំនួនក៏មានការរីករាយទៅនិងអ្វីដែលគាត់បាធ្វើអស់លទ្ធភាពរបស់គាត់។ ចំណុចមួយដែលយើងពេញចិត្តជាមួយគាត់នោះ គឺគាត់បានដាក់ចិត្តជាមួយយើងក្នុងការកសាង Brand ខ្មែរយើង គឺថាគាត់ដាក់ចិត្ត ហើយចាំជាដៃគូតែម្ដងនៅរយៈពេលកន្លងមកនេះ ហើយយើងឃើញថាមានលទ្ធផលល្អមែន។

បើមិនអីចឹងទេយើងឃើញហើយរយៈពេល៥ឆ្នាំនេះកើនឡើងពី៣ម៉ឺនតោន រហូតដលើបច្ចុប្បន្នដល់ជាង២០ម៉ឹន ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ។ វាជាកំណើនមួយដែលធ្វើឲ្យយើងមានមោទនភាពដែរទៅលើទីផ្សារថ្មីរបស់យើងនៅចិន។ ភាគីទាំង២ (កម្ពុជា-ចិន) ធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីឲ្យMOU របស់យើងសម្រេចបានតាមបំណងដែលយើងចង់បានចំនួន៤០០ពាន់តោននេះ។ ខ្ញុំគិតថាមិនយូរទេបើធ្វើដូចសព្វថ្ងៃយន្តការដែលគាត់ធ្វើនិងត្រឹមត្រូវ មានតម្លាភាព យើងនឹងអាចដល់កន្លែងកំណត់នៅពេលឆាប់ៗណាមួយ»

ក្នុងនាមជាមិត្តដែកថែម ដែលជាការប្រសិទ្ធភាពពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានិយាយដោយរួម និងលើផ្នែកកសិកម្មនិយាយដោយឡែក។

ក្រៅពីការបើកចំហរទីផ្សារដែលមានចំនួនកូតាខ្ពស់នោះ មិត្តចិន ក៏បានជួយអភិវឌ្ឍន៍ផ្នែកផ្សេងៗទៀត នៃវិស័យកសិកម្មផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

...«ប្រាកដណាស់កន្លងទៅប្រទេសចិនបានជួយកម្ពុជាជាបន្តបន្ទាប់ ជាពិសេសគឺក្រោយឆ្នាំ២០០៩ និង២០១០នេះ យើងបានឈានទៅដល់ការចុះ MOU ជាមួយគ្នាក្នុងការផ្លាស់ប្ដូរទស្សនៈ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម រវាងប្រទេសយើងទាំង២។ មានដូចជាំការបណ្ដុះបណ្ដាលការជួយឧបត្ថម្ភសម្ភារកសិកម្មមួយចំនួន គ្រឿងយន្តកសិកម្ម ហើយនិងបង្កើតមជ្ឈមណ្ឌលពិសោធន៍ ផលិតផលកសិកម្មជាដើម ហើយនិងការអភិវឌ្ឍឡជីវៈឧស្ម័នដែលយើងកំពុងតែបានទទួល។ ហើយចុងក្រោយនេះគឺភាគីចិនបានចុះអនុសារណៈនៃការយោគយល់ទៅលើការរៀបចំផែនការមេ ជាពិសេសគឺការធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មនាខែមករាឆ្នាំ២០១៨កន្លងទៅ។ ហើយកំពុងតែធ្វើការរៀបចំឯកសារនេះ ឲ្យពេញលេញដើម្បីជួយទៅដល់វិស័យកសិកម្មជាពិសេសទៅលើការដាំដុះដំណាំសំខាន់ៗ សម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសចិននៅពេលខាងមុខ»

ជាការពិតណាស់ មហាយក្សចិនមិនត្រឹមតែបានបើកទូលាយផ្ដល់នូវចំនួនកូតាយ៉ាងច្រើនក្នុងការនាំអង្ករកម្ពុជាទៅលក់ក្នុងទីផ្សាររបស់ខ្លួននោះទេ។ តែមហាយក្សចិន ក៏បានផ្ដល់នូវជំនួយជាច្រើនបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ទោះជាជំនួយកន្លងមកនៅតិចតួចសម្រាប់ក្រសួងកសិកម្ម បើប្រៀបធៀបជាមួយក្រសួងដទៃទៀតក្ដី។ តែប្រទេសមហាអំណាចទី២នេះ បានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍អគ្គិសនីនៅកម្ពុជា ដែលទាំងអស់នេះជាផ្នែកមួយដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០៩នៃប្រវត្តិសាស្រ្តនៃការនាំចេញអង្ករទៅប្រមហាអំណាចសេដ្ឋកិច្ចចិន នៅក្នុងជំហានដំបូងកម្ពុជាអាចនាំចេញអង្ករចាប់ពី២២០តោន ដល់ជាង១២ម៉ឺនតោនប៉ុណ្ណោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ រហូតដល់ឆ្នាំ២០១៧ ក្រោយពីទំនាក់ទំនងមិត្តដែកថែប កាន់តែមានភាពប្រសើរឡើង ភាគីចិន បានសម្រេចផ្ដល់នូវកូតាក្នុងការនាំអង្ករពីកម្ពុជាទៅចិនចំនួន ១០ម៉ឺនតោន ហើយកម្ពុជាបាននាំអង្ករចេញទៅចិននៅក្នុងឆ្នាំនោះចំនួន១៩ម៉ឺនតោន។ នៅឆ្នាំ២០១៨ ភាគីចិន បានបន្ថែមចំនួនកូតានៃការនាំចូលអង្ករកម្ពុជាក្នុងទីផ្សារចិន ចំនួន៣០ម៉ឺនតោន ហើយកម្ពុជាបានផលិតអង្ករយកទៅលក់ក្នុងទីផ្សារចិនបានចំនួន ១៧ម៉ឺនតោន។ រហូតដល់ឆ្នាំ២០១៩ ភាគីចិន នៅតែបន្តបន្ថែមចំនួនកូតាដល់អង្ករកម្ពុជាបន្ថែមទៀតរហូតដល់ ៤០ម៉ឺនតោន ជាលទ្ធផលកម្ពុជាបាននាំចេញអង្ករទៅកាន់មហាអំណាចចិននេះបានចំនួនជាង២៤ម៉ឺននតោន។ ចំនួននេះមានការកើនឡើងចំនួន៣៣ភាគរយ បើប្រៀបធៀបនិងរយៈដូចគ្នានិងឆ្នាំ២០១៨។

បើទោះជាកម្ពុជានៅមិនទាន់អាចបំពេញតាមចំនួនកូតាដែលភាគីចិនបានផ្ដល់ឲ្យក៏ពិតមែន តែនៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះប្រទេសចិន បានក្លាយជាទីផ្សារ និងបានទិញអង្ករក្រអូបប្រណិតកម្ពុជា ច្រើនជាងគេបំផុត។ ដោយបានវ៉ាដាច់សហភាពអឺរ៉ុប ដែលធ្លាប់ជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជានាពេលកន្លងមក។

គួរជម្រាបជូនដែរថា ទីផ្សារអន្តរជាតិធំៗរបស់កម្ពុជានៅពេលបច្ចុប្បន្នមានចំនួន៣ ក្នុងនោះមាន ប្រទេសចិន អឺរ៉ុប និងអាស៊ាន។ ប្រទេសអាស៊ានដែលបានទទួលទិញអង្ករកម្ពុជាច្រើនជាងគេមាន ម៉ាឡេស៊ី ព្រុយណេ និងសិង្ហបុរី។ ខណៈដែលបច្ចុប្បន្នកម្ពុជាបានកំពុងពិចារណាលើទីផ្សារហ្វីលីពិនបន្ថែមទៀត។ ចំណែកឯទីផ្សារដែលកំពុងមានសន្ទុះខ្លាំងគឺប្រទេសអូស្រ្តាលី៕