(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះតាមរយៈ Facebook ផ្លូវការ បានអរគុណសប្បុរសជន និងមន្រ្តីរាជការដែលបាន បរិច្ចាគថវិកា និងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង ១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផង និងបូករួមទាំងថវិកាបៀវត្សរ៍ ដែលចូលរួមដោយមន្រ្តីរាជការយើងផង។

សម្តេចតេជោបានបញ្ជាក់ថា «យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជាទិញម៉ាស និងសម្ភារបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋ ទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់»

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីដ១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើល ប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារឲ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះស្បៀងអាហារឲ្យសោះ ក្នុងពេលដែលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗ ដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងឲ្យបានទាន់ពេល»

សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងសូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕