(ភ្នំពេញ)៖ នៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក សហការនិងកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវក្រោមការដឹកនាំ ពីតំណាង​អយ្យការ បានចុះឆែកឆេរ ទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅចំណុចផ្ទះលេខ៥៩១C ផ្លូវបេតុ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវសង្ស័យឈ្មោះឡាយ ទឹង អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដោយបានទទួលសេចក្ដីរាយការណ៍ពីរប្រជាពលរដ្ឋក្នុងភូមិថា មានករណីជួញដូរនិងជក់គ្រឿងញៀន​ទើបរសៀលថ្ងៃនេះ​ក្នុងនាមសមត្ថ​កិច្ចមូលដ្ឋាន​បានសហការ បង្ក្រាបឃាត់ខ្លួនជន​សង្ស័យម្នាក់ជាជនជាតិវៀតណាមដោយក្នុងប្រតិបត្តិការនោះ ជនសង្ស័យបានដឹងខ្លួន​ និងបោះចោលសារធាតុញៀន​ក្នុងប្រឡាយទឹក​ក្នុងនោះកម្លាំងសមត្ថកិច្ចបាន​ដកហូតវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ ដាវចំនួន រួមនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនជាប់សង្ស័យរួម និងវត្ថុតាងបាននិងកំពុងសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕