(ភ្នំពេញ)៖ លោក ជា ចំណាន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំក្រែក នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួយឃុំក្រែក នាំយកអំណោយចុះសួរសុខទុក្ខ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនៅក្នុងមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសជួបសំណេះសំណាល់ផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋានទាំង៣៣ភូមិ ក្នុងឃុំក្រែក នាឱកាសនោះ លោក ជា ចំណាន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានពាំនាំនៅការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតីសម្បទា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយមានសុខភាពល្អ ជៀសផុតពីជំងឺ ផ្សេងៗ និងចូលរួមទប់ស្កាតទាំងអស់គ្នា ចំពោះការរីករាលដាលនៃជំងឺកូវីត-១៩ ដល់កាចសាហាវមួយនេះ។

លោក ជា ចំណាន បានសំណូមពរ ដល់អ្នកពាក់ព័ន្ធទាំងអស់ ដោយសូមចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសុខាភិបាល ដែលបានណែនាំអោយបងប្អូនប្រជាពលករ ដែលវិលត្រឡប់ពីបម្រើការងារតាមបណ្តាប្រទេសជិតខាង ត្រូវនៅដាច់ដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់ពួកគាត់។

លោក ជា ចំណាន ផ្ដាំផ្ញើដោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនាម័យជាប់ប្រចាំថ្ងៃ អោយបានញឹកញាប់ ដោយត្រូវមានលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នានិងកាត់បន្ថយការប្រមូលផ្ដុំ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ ម្យ៉ាងទៀត បងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពដោយផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អាជ្ញាធរភូមិ/ឃុំ ដែលនៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ដើម្បីពិនិត្យព្យាបាលអោយទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១៣១០គ្រួសារ ដោយ១គ្រួសារៗទទួលបាន អាកុលសំលាប់មេរោគ(Topcare spray) ០១ដប ថ្នាំបៀមឈឺបំពង់ ក ០១ ប្រអប់
ឧបករណ៍វាស់កំដៅ ០១ គ្រឿង ក្រមា១ មីជាតិ ១កេះតូច ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ សាប៊ូ ១ដុំ និងថវិការចំនួន ២ម៉ឺនរៀល។

ដោយឡែក ក្រុមការងារបាននាំយកឧបករណ៍ វាស់កំដៅចំនួន៣៣ និងអាកុល ចំនួន៣៣លីត្រ ចែកជូនភូមិទាំង៣៣ នៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕