(ឧត្តរមានជ័យ)៖ មហាជនប្រមាណ ៦ពាន់នាក់ រួមមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមាន ជ័យ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីអបអរសាទរអនុស្សាវរីយ៍ខូបលើកទី ៣៧ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃផ្តួលរំលំរបបវាលពិឃាតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ខៀវ សំផន នួន ជា និង អៀង សារី។

ពិធីនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកង យោធពលខេមរភូមិន្ទ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត និង លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីនេះ គេសង្កេតឃើញទឹកមុខប្រជាពលរដ្ឋ ដែលបានចូលរួមបានបង្ហាញទឹកមុខញញឹមញញែមសប្បាយរីករាយ ដោយចងចាំ ក្នុងចិត្តថាថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ និងជាថ្ងៃ ដែលផ្តើមឲ្យមានអ្វីៗនាពេលបច្ចុប្បន្ន។

លោក ស ថាវី បានមានប្រសាសន៍ថា «បើគ្មាន ថ្ងៃ ៧ មករា ក៏យើងគ្មានថ្ងៃនេះដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូរតែចងចាំអំពីការលះបង់ អាយុជីវិតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបយង់ឃ្នងឃោរឃៅនេះ»

លោក គន់ គីម បានមានប្រសាសន៍ថា អ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គឺបានដឹងច្បាស់ថា របបខ្មែរក្រហមវេទនាប៉ុណ្ណា។ ដូច្នេះត្រូវនិយាយប្រាប់កូនចៅ ជំនាន់ក្រោយឲ្យបានដឹងពីរបប ដ៏វេទនានេះ។

លោក គន់ គីម បន្តថា «ដូច្នេះយើងប្រារព្វពីធីបុណ្យជាតិអបអរសារទរទិវាជ័យជម្នះ ៧ មករា នៅថ្ងៃនេះ គឺយើងចង់រំលឹកពីភាពឈឺចាប់ ឲ្យប្អូនជំនាន់ក្រោយ ឲ្យបានដឹង និងការតស៊ូលះបង់សព្វបែបយ៉ាងរបស់គណបក្សប្រជាជនកម្ពុជា»

លោក គន់ គីម បានបន្តទៀតថា ក្រោយថ្ងៃរំដោះ ៧ មករា ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហស័ មានផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាមនៅគ្រប់ទីកន្លែង។ ជាក់ស្តែងនៅខេត្តឧត្តរមានជ័យ មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា៕