(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន នៅព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង នៅទួលបារមីយាយដូនក្រុងបាវិត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុងបាវិត។

ពីធីនេះ ក៏មានការចូលរួមពីលោកស្រី យស់ ស៊ីមន ម៉ឺង សំផន និង លោក ជៀង អំ អភិបាលខេត្តខេត្តស្វាយរៀង ព្រមទាំងអស់លោក លោកស្រី ដែលជាប្រតិភូអមដំណើរ មន្រ្តីរាជការ ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ការធ្វើបុណ្យបួងសួងសុំសេចក្ដីសុខសប្បាយនៅទួលយាយដូននេះ ដើម្បីឲ្យលោកយាយ ដូន ជាអ្នកមានបារមីពូកែស័ក្កិសិទ្ធ តាមជួយបីបាច់ថែរក្សាកូនចៅនៅទូទាំងខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតនេះផងដែរ។ ម៉្យាងវិញ ទៀត រយៈកាលកន្លងមកខេត្តស្វាយរៀង ក៏ធ្លាប់ជួបឧបទ្ទវហេតុ ដែលមានករណីគ្រោះថ្នាក់ចរាចរ ធ្វើឲ្យ មានមនុស្សស្លាប់ និងរងរបួស អស់ជាច្រើននាក់និងមានកូដកម្មបាតុកម្មកើតឡើងដោយ បានបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងរងរបួសសមត្ថកិច្ចជាច្រើននាក់ដែលបង្កឡើងដោយ ជនមួយក្ដាប់តូចនាំអោយថៅកែរោងចក្រមិនសប្បាយចិត្តផងដែរ។

ដូច្នេះហើយទើបរូបលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន  និងក្រុមការងារអាជ្ញាធរខេត្តបានរៀបចំធ្វើពិធីបុណ្យបួងសួង សុំសេចក្ដីសុខសេចក្ដីចម្រើននៅ ទួលបារមីយាយដូននេះ ដើម្បីដេញឧបទ្រុបចង្រៃអោយជៀសចាកចេញ អោយឆ្ងាយនិងនាំមកវិញនូវសេចក្ដីសុខសប្បាយនិងការរីកចំរើនដល់ប្រទេសជាតិ។

នៅក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ក៏បានរំលឹកអំពីប្រវត្តិសង្ខេបនូវទួលយាយដូន ដោយបានលើកឡើងថា កាលពីដើមឡើយមានមេទ័ពទិសប្រាំមួយ មកច្បាំងនៅទិសឥសាន្តមានថ្ងៃមួយនោះ ពេលយប់មេទ័ពបានសុបិន្តនិមិតឃើញទេពអប្សរមួយព្រះនាងស្រស់ស្អាតហើយមានចិត្តពេញព្រះទ័យយ៉ាងខ្លាំង។ ព្រះនាងគឺជាត្រីផ្សោតនៅស្រុកសំបូរខេត្តក្រចេះ មានបារមីអាចប្រែក្រឡាជាមនុស្សបាន។

លោកស្រី ម៉ែន សំអន បន្តថា នៅគ្រាមួយនោះ មានរឿងកើតឡើងនៅទិសទក្សិណមេទ័ពក៏ទៅធ្វើសង្គ្រាមជាមួយសត្រូវនៅ ទិសទក្សិណ ពេលនោះព្រះនាងក៏យាង ទៅតាមធ្វើសង្គ្រាមជាមួយស្វាមីលុះគ្រាក្រោយមកស្វាមីព្រះនាង ក៏ស្លាប់បាត់បង់ជីវិត មុន និងស្លាប់ ក៏បានផ្ដាំផ្ញើរអោយព្រះនាងគោរពព្រះបរមគ្រូ ៣អង្គរបស់ប្ដី គឺមានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវះ ក្រោយមកព្រះនាង បានដឹកនាំកងទ័ពទាំង៥០០ របស់ប្ដីធ្វើសង្គ្រាមរហូតបានជ័យជម្នះនៅលើទួលនេះ។

ព្រះនាងមានព្រះនាមថា មេទ័ពស្រីស្រអែមដល់រយៈកាលក្រោយមកព្រះនាងអស់បុណ្យជាមួយមនុស្ស។ ទីទួលនោះ គេក៏បានហៅថា ទួលស្រីស្រអែម ដល់ដំណាក់កាល ក្រោយមកគេហៅថាទួលយាយដូន។

សូមបញ្ជាក់ថា មានសមិទ្ធផលជាច្រើន ត្រូវបានកសាងនៅលើទួលយាយដូន ដែលជាការឧបត្ថមគ្រាំទ្រពីលោកនាយឧត្តមសេនីយ៍ ម៉ឺង សំផន និងភរិយា។
ក្រោយពីការប្រាព្ធពិធីបួងសួរ និងសំណេះសំណាល លោកស្រី ម៉ែន សំអន ក៏បានចែកជូនថវិកាដល់យាយជីតាជី និងប្រជាពលរដ្ឋមួយចំនួនផងដែរ៕