(ភ្នំពេញ)៖ មន្រ្តីអាជ្ញាធរបាន ថ្លែងប្រាប់ទៅកាន់ ប្រជាពលរដ្ឋទូទាំងប្រទេសថា សម្រាប់ថ្លៃបញ្ជាក់ឯកសារថតចម្លង ប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្ត (កាតគ្រី) អស់ត្រឹម១០០០រៀលនោះទេ ហើយសេវាកម្មសាធារណៈមួយនេះ បងប្អូនប្រជាពលរដ្ឋអាច ទៅស្វែងរកការបញ្ជាក់នៅការិយាល័យ ច្រកចេញចូលតែម្តង របស់សាលាខណ្ឌ ឬ សាលាស្រុករបស់ខ្លួនដែលរស់នៅ។

មានចម្ងល់ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ ចំពោះបញ្ហាទាំងនេះ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ចម្ងល់ជាច្រើនរបស់ប្រជាពលរដ្ឋ នៅតែមិនទាន់ចែកដាច់ពីគ្នានៅឡើយ ជាពិសេសប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្ត ដែលគេហៅថា «កាតគ្រី»នោះ និងមួយទៀត ប័ណ្ណបើកបរ ដែលគេហៅថា «ពាក់មី»។

លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ និងពន្យល់ថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុតម្រូវឲ្យមានសិទ្ធិបើកបរ ត្រូវអញ្ជើញទៅធ្វើប័ណ្ណបើកបរ ដែលប័ណ្ណបើកបរម៉ូតូ អស់តម្លៃ២៥០០០រៀល។ ដោយឡែក ប័ណ្ណបើកបររថយន្ត ឫហៅថា ពាក់មីឡាន នៅមិនទាន់មានមន្រ្តីណាម្នាក់ បញ្ជាក់ឲ្យច្បាស់នៅឡើយទេ ពីព្រោះវាអាស្រ័យលើ ការរៀនបើកបររថយន្ត នៅក្រុមហ៊ុន ឫសាលាបង្រៀនបើកបរឯកជន ដែលគេតម្រូវឲ្យបង់សេវា ក្នុងតម្លៃណានោះ។

ចំពោះការបញ្ជាក់ប័ណ្ណសម្គាល់យាន និងទោចក្រយានយន្ត របស់ប្រជាពលរដ្ឋនោះ អស់តែ១០០០រៀលប៉ុណ្ណោះ។ នេះបើយោងតាមលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោចង្វារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។ លោក ឃ្លាំង ហួត បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅខណ្ឌ របស់លោកទាំងមូល សូមអញ្ជើញឲ្យ មកបញ្ជាក់ប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្ត នៅការិយាល័យច្រកចេញតែម្តង ត្រឹម១០០០រៀល ហើយនឹងធ្វើជូននៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យទៀតផង។

ត្រង់ចំណុចនេះ ត្រូវបានលោកអភិបាលខណ្ឌពន្យល់ថា ម្ចាស់យានយន្ត ឬទោចក្រយានយន្ត ទៅបញ្ជាក់ប័ណ្ណសម្គាល់យាន្ត គឺដើម្បីទុកឲ្យសាច់ញាតិរបស់ខ្លួន យកតាមខ្លួន ដើម្បីបង្ហាញដល់សមត្ថកិច្ចនៅដែលធ្វើការត្រួតពិនិត្យ នៅលើដងផ្លូវ។ និយាយឲ្យស្រួលស្តាប់គឺថា បើសិនគ្រួសារមួយមានសមាជិក ៥ ឬ ៦ ឬ៧នាក់... ហើយមានម៉ូតូមួយគ្រឿងដែលមានប្តី ឪពុកជាម្ចាស់កម្មសិទ្ធិ (ម្ចាស់កាតគ្រី) ដូច្នេះក្រោយពេលបញ្ជាក់ហើយ ប្រពន្ធ ឬកូនអាចយកលិខិតបញ្ជាក់នេះ ដាក់តាមខ្លួន នៅពេលបើកម៉ូតូមួយគ្រឿងនេះ។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដង្កោ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅក្នុងខណ្ឌរបស់ខ្លួន មកធ្វើលិខិតបញ្ជាក់ នៅការិយាល័យច្រកចេញចូលតែមួយ ក្នុងរយៈពេល៣ថ្ងៃ ហើយអស់ថ្លៃត្រឹមតែ១០០០រៀលផងដែរ។

យោងតាមគេហទំព័រ របស់សាលាខណ្ឌបានបញ្ជាក់ថា «សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ មានកិត្តិយស្តសូមជម្រាបជូន ដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រាបថាៈ ការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌដង្កោ មានទទួលបញ្ជាក់ លើឯកសារថតចម្លង ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ដើម្បីឲ្យបងប្អូន យកទៅប្រើប្រាស់ជាផ្លូវការ រៀងរាល់ថ្ងៃធ្វើការ។ ការធ្វើការបញ្ជាក់នៅការិយាល័យ ច្រកចេញចូលតែមួយ មានរយៈពេល ០៣ថ្ងៃ ដោយត្រូវភ្ជាប់មកជាមួយ នូវប័ណ្ណសម្គាល់យានយន្ត ច្បាប់ដើម ហើយមានតម្លៃសេវា ១០០០រៀល ក្នុងមួយសន្លឹក»