(ឧត្តរមានជ័យ)៖ រថយន្តដឹកដីមួយគ្រឿង បានរងការខូចខាតទាំងស្រុងផ្នែកខាងមុខ ដោយសារការផ្ទុះគ្រាប់បន្សល់ពីសម័យសង្រ្គាម ដែលហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចត្រពាំងបារាយណ៍ ភូមិបារាយណ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច នគរបាលស្រុកបន្ទាយអំពិល បានរៀបរាប់ថា មុនពេលកើតហេតុ ម្ចាស់រថយន្តបានបើករថយន្តខាងលើ មកចតទុកឱ្យអេស្កាកាយដីដាក់ ហើយក៏បើកទ្វារចុះចេញទៅ មួយសន្ទុះក្រោយមក ស្រាប់តែសំឡេងផ្ទុះកក្រើកឡើង នៅលើរថយន្ត បណ្តាលឱ្យផ្នែកខាងមុខនៃរថយន្តខូចខាតទាំងស្រុង។

សមត្ថកិច្ចបញ្ជាក់ថា គ្រាប់ដែលផ្ទុះនេះជាសំបកគ្រាប់ B40.5 ដែលបន្សល់ពីសម័យសង្គ្រាម ចំណែកម្ចាស់រថយន្តមានឈ្មោះ រិទ្ធ រាក់ អាយុ២៥ឆ្នាំ មានមុខរបរបើកឡានដឹកដី ហើយករណីនេះ ក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ៕