(កណ្តាល)៖ អគារសិក្សា ១ខ្នង ៦បន្ទប់តម្លៃប្រមាណ ៦៦.០០០ដុល្លារ នៅសាលាបឋមសិក្សាជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ដែលជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីផ្តល់ចំណេះដឹងដល់កូនចៅ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជារួមចំណែកពង្រឹងធនធានបញ្ញារបស់ពលរដ្ឋកម្ពុជា។ ការដាក់ឲ្យដំណើរការអគារសិក្សាមួយខ្នងនេះ បានធ្វើ ឡើងមុនតែមួយថ្ងៃប៉ុណ្ណោះ នៃការឈានមកដល់ខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា។

ពិធីដាក់ឲ្យដំណើរការអគារសិក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្ត កណ្តាល។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម អាជ្ញាធរមូល កងកម្លាំងប្រដាប់អាវុធ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សសរុបជាង ១ពាន់នាក់។

ក្នុងពិធីបើកឲ្យដំណើរការអគារសិក្សានេះ គេសង្កេតឃើញប្រជាពលរដ្ឋជាអាណាព្យាបាល និង សិស្សានុសិស្សសុទ្ធតែបានបង្ហាញភាព សប្បាយរីករាយជាមួយទឹកមុខញញឹមញញែម ជាមួយសមិទ្ធផលអគារសិក្សាថ្មី ដែលជាថ្នាល់សម្រាប់ផ្តល់នូវចំណេះដឹងដល់ពួកគេ។

លោក ស៊ុន ចាន់ថុល បានហៅការអគារសិក្សា ដែលបើកទ្វារស្វាគមន៍សិស្សមួយថ្ងៃមុនខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា នេះថា ជា សមិទ្ធផល កើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា សុខសន្តិ ភាពក្រោយថ្ងៃរំដោះ ៧ មករា បានផ្តល់ឱកាសដ៏ឧត្តុងឧត្តម ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ និង ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចរស់ រានមានជីវិត និងឈានទៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ព្រមទាំងផ្តល់ការអប់រំផងដែរ។

លោក ស៊ុន ចាន់ថុល បានថ្លែងរំលឹកថា របបប៉ុល ពត ដែលជារបបដ៏ប្រល័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើឲ្យកម្ពុជា បានក្លាយជាផេះផង់ លុបបំបាត់អស់នូវការអប់រំ សាសនា ព្រមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់បែបយ៉ាងទាំងអស់ ពោលរបបមួយនេះ បានបំផ្លាញ កម្ពុជាគ្មានសេសសល់អ្វីឡើយ ជាពិសេសបានសម្លាប់អស់នូវធនធានមនុស្សរបស់កម្ពុជា។

លោក ស៊ុន ចាន់ថុល បានធ្វើការរំលឹកនូវគុណូបការៈថ្ងៃរំដោះ ៧ មករាថា បើគ្មានថ្ងៃនេះ កម្ពុជា នឹងត្រូវខ្ទេចខ្ទីអស់។ «៧ មករា គឺជា ថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋយើងគ្រប់រូប។ របប ប៉ុល ពត ឃោរឃៅណាស់ កាប់សម្លាប់គ្មានត្រាប្រណៃ បើយើងគ្មានថ្ងៃរំដោះ ៧ មករា ទេ យើងនឹងត្រូវរលាយសាបសូន្យ ប្រជាពលរដ្ឋខ្មែរនឹងស្លាប់អស់»

ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំរូបនេះ បានថ្លែងបន្តថា បើទោះបីជាគណបក្សប្រជាជនកម្ពុជា បានរំដោះប្រ ទេសជាតិឲ្យរស់រានមានជីវិតឡើងវិញហើយ ក៏រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនបានព្រងើយកន្តើយក្នុងការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ លោកបានគូសបង្ហាញថា សមិទ្ធផលកើតចេញ ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ នាំមកនូវសន្តិភាព បាននិងកំពុងធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន សំណង់អគារតូចធំ បានផុសឡើង ជាបន្តបន្ទាប់ គ្រាដែលក្រោយថ្ងៃរំដោះប្រទេសកម្ពុជា និងទីក្រុងមានសភាពស្ងាត់ជ្រងុំ។

លោក ស៊ុន ចាន់ថុល ក៏បានប្រកាសបង្ហាញការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តខិតខំអស់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានទទូចឲ្យមហាជនចូលរួមថែរក្សានូវសុខសន្តិភាព ហើយការពារឲ្យបាននូវសមិទ្ធផល ដែលកើតចេញពីសុខសន្តិភាព នេះ។

នៅក្រោយការសំណេះសំណាល លោក ស៊ុន ចាន់ថុល ក៏បានប្រគល់អំណោយមួយចំនួន ដល់យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីផងដែរ៕