(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថា ការបំផ្ទុះសាកល្បងគ្រាប់បែកអ៉ីដ្រូសែន (h-bomb) នៅតំបន់ Punggye-ri ទទួលបានជោគជ័យ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។

លោក Abe បានថ្លែងឲ្យដឹងថា ការបំផ្ទុះសាកល្បងគ្រាប់បែកអ៉ីដ្រូសែននេះ គឺជាសកម្មភាពមួយដែលមិនអាចអត់ឱនឲ្យបាន ហើយក៏ជាទង្វើមួយដែលគំរាមកំហែងដល់​ប្រទេសជប៉ុន និងបានរំលោភ​លើ​កិច្ច​ព្រមព្រៀងអង្គការសហប្រជាជាតិ។

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ មានករណីរញ្ជួយដីមួយបានកើតឡើងនៅតំបន់ Punggye-ri ដែលជាកន្លែង បាញ់សាកល្បងអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ដោយទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី នេះ​បានកើតឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយ ​សម្រាប់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវបានគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាង ធ្វើការបំផ្ទុះបរមាណូ តែទីបំផុតគឺកូរ៉េខាងជើងពិតជាបំផ្ទុះគ្រាប់បែកអ៉ីដ្រូសែន ដែលជាសមិទ្ធិផលថ្មី​។

អ្នកជំនាញអាមេរិក​បានលើកឡើងថា គ្រាប់បែកអ៉ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ១៩៤៥កន្លងទៅ៕