(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ចុះចែកក្រមា និងសាប៊ូលាងដៃ ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ ៤,៤៧៧នាក់ នៅតាមខ្នងផ្ទះ ព្រមទាំងផ្សព្វផ្សាយសារអប់រំការពារជំងឺកូវីដ១៩។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាស្រុក-ឃុំសរុបទាំងអស់ជាង ១០០នាក់។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋឱ្យចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩។ ក្រៅពីនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបពីប្រជាពលរដ្ឋពីការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩ ដែលមានអ្នកជំងឺរហូតដល់ទៅ ៤៩នាក់ ត្រូវបានព្យាបាលជា ហើយមិនមានអ្នកឆ្លងថ្មីនោះទេ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

បើទោះបីថា ការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរយ៉ាងណាក្តី តែលោកទេសរដ្ឋមន្ត្រីនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់លើវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ហើយកាត់បន្ថយការជួបជុំ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ដល់ខ្លួនឯង គ្រួសារ និងអ្នកភូមិ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជម្រាបប្រជាពលរដ្ឋផងដែរ ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាកើតចេញពីវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩នេះ។

លោករដ្ឋមន្ត្រី បានជម្រាបប្រជាពលរដ្ឋ ពីការលះបង់ប្រាក់បៀវត្សរបស់សម្តេចតេជោ រយៈពេល៧ខែ ព្រមទាំងមន្ត្រីរាជការ ដើម្បីដោះស្រាយការលំបាករបស់ជាតិ និងប្រជាពលរដ្ឋនាពេលនេះ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា តាមរយៈកាយវិការនេះ គឺបានបង្ហាញឱ្យឃើញពីស្មារតីនៃការរួបរួមគ្នាជាធ្លុងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហារបស់ជាតិពេលមានទុក្ខលំបាក៕