(វៀតណាម)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ដើម្បីចូលរួមពិធីរម្លឹកខួប៧០ឆ្នាំ នៃការបោះឆ្នោតសកលលើកដំបូង និងការបង្កើតរដ្ឋសភា របស់ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

នៅពេលអញ្ជើញដល់ប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ដោយនៅព្រលប់ថ្ងៃទី៥ ខែមករា សម្តេចពញាចក្រី ហេង សំរិន និងសមាជិកគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម ជាមួយលោក ង្វៀន ស៊ីញហុង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានរដ្ឋសភាជាតិ របស់ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក ង្វៀន ស៊ីញហុង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពញាចក្រី ហេង សំរិន និងគណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីរម្លឹកខួប៧០ឆ្នាំនេះ។ លោកបានសម្តែងក្តីរីករាយ ដោយបានគូសបញ្ជាក់ថា វត្តមានរបស់សម្តេច និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ ក្នុងឱកាសវិសេសវិសាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋសភាកម្ពុជា ចំពោះប្រទេសវៀតណាម ពិសេសរដ្ឋសភាវៀតណាម។ លោកសង្កត់ធ្ងន់ថា វត្តមានរបស់សម្តេចប្រធានរដ្ឋសភា បានបង្ហាញឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរពិសេស គឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។

ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា កាលពី៧០ឆ្នាំមុន ពោលគឺ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រទេសវៀតណាម បានចាប់ផ្តើមធ្វើការ បោះឆ្នោតសកលលើកដំបូង បន្ទាប់ពីបានទទួលឯករាជ្យពីប្រទេសបារាំង។ ការបោះឆ្នោតនោះ ជាការបោះជំហានដ៏ធំមួយរបស់វៀតណាម ជាក្តីសង្ឃឹមរបស់ប្រជាជនវៀតណាមជាពិសេស ប្រមុខដឹកនាំវៀតណាម កាលសម័យនោះ។

លោក ង្វៀន ស៊ីញហុង បានលើកឡើងថា «ការបោះឆ្នោតឆ្នាំ១៩៤៦ បានធ្វើឲ្យវៀតណាម មានឱកាសដឹកនាំប្រទេសដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍប្រទេសឆ្ពោះ ទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ព្រមទាំងបានកសាងសាមគ្គីភាព ក្នុងប្រទេសយ៉ាងរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ»

ជាមួយការអបអរសាទរ ដល់រដ្ឋសភារដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ បានខិតខំបំពេញភារកិច្ចយ៉ាងច្រើន ដើម្បីសេចក្តីសុខ និងការរីកចម្រើន របស់ប្រទេសជាតិ។ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា ការប្រារព្ធខួប៧០ឆ្នាំនៅពេលនេះ គឺជាការរម្លឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពោរពេញដោយខ្លឹមសារយ៉ាងសំខាន់ ចំពោះរដ្ឋសភា និង ប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ ដើម្បីឯករាជ្យ។

សម្តេចបានលើកឡើងថា កម្ពុជា និងវៀតណាម មានប្រវត្តិសាស្រ្តប្រហាក់ប្រហែលគ្នា គឺធ្លាប់ឆ្លងកាត់ ទទួលរងនូវរបបអាណានិគមចក្រពត្តិនិយម។ ប្រជាជនទាំងពីរ ធ្លាប់ជួយគ្នាទៅវិញទៅមក សហការគ្នាដោយភាពស្មោះត្រង់ ប្រកៀកស្មារគ្នាតស៊ូប្រយុទ្ធ ដើម្បីទទួលបានឯករាជ្យ សន្តិភាព សេរីភាព ជូនប្រទេសរៀងៗខ្លួន។ សម្តេចពញាចក្រី បានសម្តែងក្តីរីករាយ ដោយឃើញចំណងមិត្តភាពកម្ពុជា វៀតណាម រីកចម្រើនជាលំដាប់ ហើយនៅរយៈពេលចុងក្រោយនេះ ការវិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋសភា រដ្ឋាភិបាល ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ក្រោមពាក្យស្លោកថា អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង។

នៅក្នុងរាត្រីនោះ លោក ង្វៀន ស៊ីញហុង ក៏បានរៀបចំពិធីលាងសាយភោជន៍ ជូនសម្តេចពញាចក្រី ហេង សំរិន និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ព្រមទំាងគណៈប្រតិភូរដ្ឋសភា បណ្តាប្រទេសនានាឯទៀត ដែលបានអញ្ជើញចូលរួម អបអរសាទរខូប៧០ឆ្នាំ នៃថ្ងៃបោះឆ្នោតសកលលើកដំបូង របស់ប្រទេសវៀតណាម យ៉ាងជិតស្និទ្ធ រាក់ទាក់ជាទីបំផុត៕