(ភ្នំពេញ)៖ កម្លាំងនគរបាលពន្ធនាគារប៉េហ្ស៊ី រាជធានីភ្នំពេញឃាត់ខ្លួន ជនជាប់សង្ស័យម្នាក់ប្រគល់ឲ្យកម្លាំង នគរបាលខណ្ឌឫស្សីកែវដោយរកឃើញថា ជនត្រូវសង្ស័យរូបនោះបានលាក់ទុក សារធាតុញៀនក្នុងសាច់គោ១កញ្ចប់ធំ បំរ៉ុងយកទៅចែកចាយក្នុងពន្ធនាគារ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង១០នាទីល្ងាចថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចច្រកចូលពន្ធនាគារប៉េហ្ស៊ីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានឲ្យដឹងថាជនជាប់សង្ស័យឈ្មោះកូវ លីហួត ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករ ហៅម៉ូយឡានបេនច្បារអំពៅស្នាក់នៅផ្ទះជួល ភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបញ្ជាក់ថាបើតាមសមត្ថកិច្ចឆ្មាំយាមពន្ធនាគារប៉េហ្ស៊ី បានឲ្យដឹងទៀតថាមុនបង្ក្រាបជនសង្ស័យខាងលើ បានជិះរ៉ឺម៉កកង់បីយកសាច់គោ ទម្ងន់កន្លះគីឡូទៅឲ្យមិត្តភ័ក្ដ្រឈ្មោះ ប៉ា ដែលកំពុងជាប់ ពន្ធនាគារប៉េហ្សី ប៉ុន្តែត្រូវឆ្មាំគុកសង្ស័យក៍ឆែកឆេរ ព្រមទាំងវះសាច់គោដើម្បីពិនិត្យមើលបានរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន១កញ្ចប់ធំ ទម្ងន់១ជីដែលអាចច្រកបាន១០កញ្ចប់តូច ដែលជនសង្ស័យបានលាក់ទុក ក្នុងសាច់គោ បំរ៉ុងយកទៅចែកចាយ ក្នុងពន្ធនាគារប៉េហ្ស៊ី ទើបកម្លាំងឆ្មាំគុកសម្រេចឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាល ខណ្ឌឫស្សីកែវ រួមនិងវត្ថុតាងដើម្បីបន្តសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕