(ព្យុងយ៉ាង)៖ នៅមុននេះប្រមាណជា ៥នាទី ទូរទស្សន៍ជាតិកូរ៉េខាងជើង បានចាក់ផ្សាយថា កូរ៉េខាងជើងបាន ជោគជ័យ​ក្នុងការបំផ្ទុះសាកល្បងនូវគ្រាប់បែកអ៊ូដ្រូសែន ដែលជាហេតុនាំឲ្យមានគ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ នៅតំបន់ Punggye-ri នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News។

នៅព្រឹកថ្ងៃទី០៦ ខែមករានេះ មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានកើតឡើង ដោយភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី នេះ​បានកើតឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយ ​សម្រាប់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវបានគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាង ធ្វើការបំផ្ទុះបរមាណូ ហើយអ្វីដែលគេព្រួយបារម្ភនោះគឺជាការពិត ព្រោះកូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែក​អ៊ីដ្រូសែន ដែលជាអាវុធប្រល័យលោកថ្មីទើបនឹងបង្កើត។

កាលពីខែធ្នូ កន្លងទៅនេះ លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រកាសបង្ហាញថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង សម្រេចផលិតបានប្រកបដោយភាពជោគជ័យគឺគ្រាប់បែក​អ៊ីដ្រូសែន ដែលមានអនុភាព ​ខ្លាំងក្លា។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលលោក គីម ជុនអ៊ុន ប្រកាសបង្ហាញគ្រាប់បែកអ៊ីដ្រូសែននេះ អ្នកជំនាញអាមេរិក​បានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ១៩៤៥កន្លងទៅ៕