(ភ្នំពេញ)៖ សំណុំរឿងប្តឹងផ្តល់ចែកទ្រព្យគ្នា រវាងអតីតប្តីប្រពន្ធមួយគូ ស្ថិតនៅផ្ទះលេខ៩៣ និងផ្ទះលេខ៤៨ ផ្លូវលេខ៤៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន តាំងពីសាលាដំបូងរាជធានីភ្នំពេញ រហូតដល់តុលាការកំពូល គិតមកដល់ពេលនេះ នៅមិនទាន់ចប់ជាស្ថាបពរទេ ដោយបន្សល់ទុកស្រ្តីមេម៉ាយ កូន៤នាក់ ស្ថិតក្រោមការគំរាមកំហែង ពីអតីតប្តីរបស់ខ្លួន និងមិនព្រមចែកទ្រព្យសម្បត្តិទៀតផង។ ហេតុដូច្នេះហើយស្រ្តីរូបនេះ មានតែលើកដៃម្រាម១០ សុំការសណ្តោសប្រណី ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឃនា។

ស្រ្តីមេម៉ាយរូបនេះ តាមរយ:អង្គភាព Fresh News បានថ្លែងថា ផ្តើមចេញពីចេតនាគេចវេសមិនចង់ បែងចែកទ្រព្យរួមគ្នាក្នុងអំឡុងពេលរួមរស់ ជាមួយគ្នាជាប្តីប្រពន្ធនោះ ពេលនេះ ឈ្មោះ ង៉ែត សំណាង ហៅ សី សុន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ "ក្លែងឯកសាសារធារណ:" ដែលជនជាប់ចោទបង្កើតឡើង ដើម្បីបញ្ជាក់ពីការបែងចែកទ្រព្យ រួមគ្នាជាមួយខ្លួន។

ប៉ុន្តែទោះជាយ៉ាងណាក៏ ជនត្រូវចោទកំពុងស្ថិតនៅក្រៅឃុំហើយ ដើរអួតក្អេងក្អាងថារូបគេមានខ្នងបង្អែកថ្នាក់ ឧត្តមសេនីយ៍យោធា និងឧត្តមសេនីយ៍នគរបាល និងតុលាការថ្នាក់លើក្រាស់ណាស់ដូច្នេះត្រឹមតែ ស្ត្រីម្នាក់ដែលខ្លួនធ្លាប់យកមកធ្វើជាប្រពន្ធហើយ មានលិខិតបញ្ជាក់ពីការកាន់កាប់ផ្ទះ និងដីរួមគ្នាទទួលស្គាល់សិទ្ធកាន់កាប់ទ្រព្យរួមក្នុងអំឡុងពេល រស់នៅជាមួយគ្នា ចេញដោយលោកប្រធានភូមិ៣ លោកចៅសង្កាត់ផ្សារដើមថ្កូវ និងលោកអភិបាលខណ្ឌចំការមន ត្រឹមត្រូវយ៉ាងណានោះ ក៏បុរសរូបនេះ នៅតែមិនព្រមចែកទ្រព្យរួមដល់ ប្រពន្ធដែរទោះបីមានការលេងលះគ្នាដាច់ស្រាច់ហើយនោះ។

តាមរយៈការអួតក្អេងក្អាងពីមាត់មួយទៅមាត់មួយ ជុំវិញការលើកឡើងខាងលើនេះ វាជារឿងមួយពិតប្រាកដមែន ដែលអ្នកអន្តរាគមន៍ជាថ្នាក់ឧត្តមសេនីយ៍យោធា និងឧត្តមសេនិយ៍នរគបាលក៍ដូចជាតុលាការថ្នាក់លើបាន ជួយជ្រោមជ្រែងឈ្មោះ ង៉ែត សំណាង ហៅសី សុន  ដែលជាជនជាប់ចោទឲ្យរួចផុតពីការឃុំខ្លួន ដោយព្រះរាជអាជ្ញារ គឺគ្រាន់តែចោទប្រកាន់ឲ្យមានបទល្មើស ហើយដាក់ឲ្យស្ថិតក្រោមការ ត្រួតពិនិត្យ តាមផ្លូវតុលាការ ដែលបញ្ហានេះធ្វើជនល្មើស មិនរាងចាល។

ម្យ៉ាងទៀតរឿងបណ្តឹងព្រហ្មទណ្ឌមួយទៀត ទាក់ទឹននឹងឈ្មោះ ង៉ែត សំណាង ហៅសី សុន មិនគោរពដីការរក្សាការពារ លើសំណុំរឿងរក្សាការពារផ្ទះ ខាងលើនេះ ដែលអតីតប្រពន្ធឈ្មោះ អ៉ីវ ស្រ៊ឺ ប្តឹងទៅតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានតំណាងអយ្យការតម្តល់រឿងទុកឥតចាត់ការ ដែរ។ ប៉ុន្តែសំណុំរឿងមិនគោរពដីការរក្សាការពារនេះ ត្រូវបានឈ្មោះអ៉ីវ ស្រ៊ឺ ប្តឹងសារទុក ទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ប៉ុន្តែមិនទាន់ដឹងថា សភាស៊ើបសួរចោទប្រកាន់យ៉ាងណានៅឡើយទេ។

បណ្តឹងនេះ ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ ចេញសាលក្រមលេខ ៥១.ព ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ សម្រេចឲ្យបែងចែកទ្រព្យសម្បត្តិផ្ទះ និងដីរួមរបស់ឈ្មោះង៉ែត សំណាង និងឈ្មោះ អ៉ីវ ស្រ៊ឺ ជា២ចំណែកស្មើរៗគ្នា ដោយសំអាងលើភស្តុតាងចុងក្រោយដែលអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ទទួលស្គាល់ពាក្យសុំកាន់កាប់និងប្រើប្រាស់ដីធ្លីរបស់ឈ្មោះ ង៉ែត សំណាង និងឈ្មោះអ៉ីវ ស្រ៊ឺ បានផ្តិតមេដៃស្នើសុំ។

ប៉ុន្តែនៅដំណាក់កាលសាលាឧទ្ធរណ៍ បែរជាតុលាការសាលាឧទ្ធរណ៍ ចេញសាលដីកា លុបចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ជាអាសាបង់ និងសំអាងទៅលើការលើកឡើងតាមការនិយាយភូតកុហក់ ដោយបបូរមាត់ឈ្មោះ ង៉ែត សំណាង ដែលជាជនជាប់ចោទ។

 លើសពីនេះទៅទៀតនោះ នៅដំណាក់កាលតុលាការកំពូល តុលាការបានតម្គល់សាលដីការបស់សាលាឧទ្ធរណ៍ ប៉ុន្តែឃ្លាមួយបានបញ្ជាក់ថា បញ្ចូនសំណុំរឿងដដែលនេះមកសាលាឧទ្ធរណ៍ ដើម្បីទាញហេតុផលផ្ទាល់មាត់ ឡើងវិញ (បើកសាលក្រមជំនុំជម្រះសាថ្មី) ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនគូភាគី។

ដោយសាតែបែបនេះហើយទើបស្រ្តីឈ្មោះអ៉ីវ ស្រ៊ឺ រត់រកយុត្តិធម៌ ពិតប្រាកដពី សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដើម្បីជួយអន្តរាគន៍ធ្វើយ៉ាងណា ឲ្យសាលាឧទ្ធរណ៍ កាត់ក្តីជាលើកទី២ តម្គល់សាលាក្រមលេខ៥១.ព ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការជូនរូបគាត់ឡើងវីញ។ ហើយលុបចោលសាលដីការ របស់សាលាឧទ្ធរណ៍លេខ១៤ក្រ ''ធ ចុះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ចោលជាអសាបង់វិញម្តងដើម្បីផ្តល់យុត្តិធម៌ជូនរូបគាត់ ។

សូមរំលឹកថាមុនពេលចាប់ដៃគ្នាមករួមរស់នៅជាប្តីប្រពន្ធរវាងឈ្មោះ អ៉ីវ ស្រ៊ឺ និងឈ្មោះ ង៉ែត សំណាង ហៅ សី សុននោះស្រ្តីឈ្មោះ អ៉ីវ ស្រ៊ឺ បានលក់ផ្ទះផ្ទាល់ខ្លួនប្រមូលទ្រព្យមកបង្កើតជាទ្រព្យរួមមួយជាមួយឈ្មោះ ង៉ែត សំណាង ដោយមានលិខិតបញ្ជាក់ ដឹងឮពីអាជ្ញាធរមូលដ្ឋានដូចបានថតចំលង ដាក់ជូនតុលាការស្រាប់។ដូច្នេះសូមលោកតុលាការសាលាឧទ្ធរណ៍ ពិចារណាឡើងវិញចំពោះ បញ្ហានេះមុនហ្នឹងកាត់ក្តីជាលើកទី២៕