(ខេត្តស្ទឹងត្រែង)៖ ព្រៃឈើនៅក្នុងតំបន់ស្រុកសៀមប៉ាង និង ស្រុកសេសាន ត្រូវបានគេរាយការណ៌ថា កំពុងត្រូវពួកមេឈ្មួញបន្តកាប់បំផ្លាញនៅពេលចុងក្រោយនេះ ដោយសារពួកឈ្មួញ បានប្រើរូបភាព​យកកម្លាំងប្រជាជនចូលទៅកាប់ឈើ ហើយយកមកលក់ឲ្យខ្លួន ជាអ្នកទទួលទិញ។

សេចក្ដីរាយការណ៌ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា ក្រុមឈ្មួញដែលកំពុងបំផុសបំផុលឲ្យមានការកាប់បំផ្លាញឈើនោះ ត្រូវគេស្គាល់ថា មានឈ្មោះយាយ ព្រឿងជាមេឈ្មួញ នៃការកាប់ឈើយកទៅ​លក់បន្ដ​ឲ្យ​មេឈ្មួញធំៗនៅក្នុងទឹកដីខេត្ត ស្ទឹងត្រែងតែម្តង មុននាំចេញទៅប្រទេសវៀតណាម។

តាមសេចក្ដីរាយការណ៌បានឲ្យដឹងទៀតថាមេឈ្មួញឈ្មោះយាយ ព្រឿងបានយកលុយឲ្យកូនចៅទៅទិញឈើពីប្រជាពលរដ្ឋនៅតាម ភូមិ ឃុំ ស្រុកហើយបានប្រមូលយកមកទុក​តាមមាត់ទន្លេ​ជាច្រើនកន្លែង​ហើយយកទូកទៅដឹកពីស្រុក សៀមប៉ាង និង ស្រុកសេសាន មកកាន់ទីរួមខេត្តដើម្បីចែកចាយបន្ដតាមសប្បកម្មក្នុងខេត្ត ស្ទឹងត្រែង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនប្រទេសឡាវមួយនេះ សូមអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ ធ្វើការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ៕