(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈអចិន្ត្រៃយ៍គណៈ ពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានទទូចឲ្យសមាជិក សមាជិកា និងគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជា ស្រុក កោះធំទាំងអស់ ត្រូវបន្តប្រឹងប្រែងក្នុងបេសកកម្មជួយអភិវឌ្ឍមូលដ្ឋានបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និង ដោះស្រាយរាល់ បញ្ហា ដែលប្រជាពលរដ្ឋកំពុងប្រឈម។

ប្រសាសន៍ជំរុញ និងក្រើនរំលឹករបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ៣៧ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ នាព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ស្អែកនេះ គឺមានរយៈពេល ៣៧ឆ្នាំហើយ ដែលប្រជាជន និងប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះ ចេញពីរបបវាលពិឃាត ដ៏សែនឃោរឃៅ របស់ ប៉ុល ពត ខៀវ សំផន នួន ជា និង អៀង សារី ក្រោមកម្លាំងតស៊ូរបស់ចលនាបដិវត្តន៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិ ដឹកនាំដោយយុទ្ធជន សម្តេច ហេង សំរិន សម្តេច ជា ស៊ី និងសម្តេច ហ៊ុន សែន រួមជាមួយអ្នកសេ្នហា ជាតិជាច្រើននាក់ទៀត។ ៣៧ឆ្នាំ នេះ ប្រជាជនកម្ពុជា ទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត និងសេរីភាពគ្រប់បែបយ៉ាង ដែល ត្រូវបានកប់ចោលទាំងអស់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ប្រទេសកម្ពុជា ទាំងមូលត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ ដែល គេអាចមើលឃើញជាសក្ខីភាពនូវសំណង់អគារ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ថាន ថ្នល់ និងប្រព័ន្ធធារាសាស្រ្តផ្សេងៗជាច្រើន សុទ្ធ ចូលរួមចំណែកបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល នៅចំពោះមុខសមាជិក សមាជិក និងប្រជាពលរដ្ឋជាង ៥០០នាក់ បានថ្លែងថា ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា ដែលបាននាំមកវិញនូវការរស់រានសព្វបែបយ៉ាងមានទាំងជីវិត សិទ្ធិសេរីភាព និងតម្លៃជាមនុស្សជាតិ ជាពិ សេសនោះ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យជីវិតរស់នៅក្នុងភាពសម្បូរសប្បាយ និងរីករាយគ្រប់ក្រុមគ្រួសារ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ដែលកំពុងមានប្រជាប្រិយភាពជាមួយការធ្វើកំណែទម្រង់ក្នុងក្រសួងពាណិជ្ជកម្ម បានថ្លែងទៀតថា ក្នុង រយៈពេល ៣៧ឆ្នាំមកនេះ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត កសាងមាតុភូមិកម្ពុជាឲ្យបានរីកចម្រើន ជឿនលឿន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានផ្តាំទៅក្រុមការងារគណៈពង្រឹងបក្សប្រជាជនកម្ពុជា ក្នុងស្រុកកោះធំថា បើទោះបីសមិទ្ធផល ដែលកម្ពុជា សម្រេចបានមានច្រើនក្តី តែសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមិនមានដែនកំណត់ ហើយបន្តកើតមានជារៀងរាល់ថ្ងៃ។ លោកបានស្នើ ឲ្យគណៈពង្រឹងការងារទាំងអស់ ខិតខំប្រឹងប្រែងបន្ថែមទៀត អភិវឌ្ឍ និងកសាងនូវសមិទ្ធផលថ្មីៗ សម្រាប់ប្រជាពលរដ្ឋ នៅ ក្នុងមូលដ្ឋាន ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុខទុក្ខ ធ្វើយ៉ាងណាឆ្លើយតប និងដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហា ជាក្តីកង្វល់របស់ប្រជាពលរដ្ឋ៕