(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នំា២០១៦ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ៗ ប្រាប់ដល់ប្រជាពលរដ្ឋ ជុំវិញភាពខុសប្លែកគ្នារវាង ប័ណ្ណបើកបរ និងប័ណ្ណសំគាល់យាន។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា មានថ្លែងឲ្យដឹងថា «ការខ្ចីម៉ូតូរវាងក្រុមគ្រួសារមិនបាន តាមពិតវាជាយល់ច្រឡំរវាងប័ណ្ណបើកបរ និងប័ណ្ណសំគាល់យាន, ប័ណ្ណបើកបរគឺបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ខ្លួនឯង ត្រូវតែមានប័ណ្ណបើកបរដោយខ្លួនឯងផ្ទាល់។ ចំណែកប័ណ្ណសំគាល់យានវិញមិនចាំបាច់ថា ត្រូវតែមានទាំងអស់គ្នានោះទេ ពីព្រោះប័ណ្ណសំគាល់យានមានតែមួយ ចឹងក្រុមគ្រួសារដែលចង់ប្រើប្រាស់យាននោះ ត្រូវយកប័ណ្ណសំគាល់យានទៅចំលងច្បាប់ដើម» ដែលកន្លងមកប្រជាពលរដ្ឋធ្លាប់បានលើកឡើង និងរិះគន់ចំៗលើករណីនេះ ។ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបន្តថា កន្លងមកប៉ូលីស អាជ្ញាធរ ខាងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ធ្លាប់លើកលែង និង អនុគ្រោះ មិនផាកពិន័យ ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់ប័ណ្ណសំគាល់យាន ចំលងច្បាប់ដើម។

យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានជំរុញថា «ប្រជាពលរដ្ឋគួរតែយកប័ណ្ណសំគាល់យាន ទៅបញ្ជាក់នៅអាជ្ញាធរមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា។ ប័ណ្ណសំគាល់យាន ដែលទទួលបានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ទីមួយ គ្រប់សមាជិកក្នុងគ្រួសារដែលមាន យានប្រើប្រាស់ គឺអាចប្រើប្រាស់បានគ្រប់ៗគ្នា ទីពីរអាចបង្កើនភាពងាយស្រួលដល់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងការស្វែងរកជនល្មើស ប្លន់ និងលួចជាដើម»៕

សូមស្តាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ រុន រ័ត្នវាសនា៖

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា៖ សូមប្រជាពលរដ្ឋកុំយល់ច្រឡំរវាងប័ណ្ណបើកបរ និងប័ណ្ណសំគាល់យាន, ប័ណ្ណបើកបរត្រូវមានម្នាក់មួយ, តែប័ណ្ណសំគាល់យានមិនចាំបាច់មានគ្រប់គ្នានោះទេ

Posted by Fresh News on Tuesday, January 5, 2016