(ភ្នំពេញ)៖ តាមការផ្តល់ព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាការងារជាមួយធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ចំនួន ០២ ដាច់ដោយផ្សេងគ្នា ដែលដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងលោកអគ្គបណ្ដិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ទាំង០២ រួមមាន៖ ១៖ ជាមួយលោក Ahmed Muneeb Saeed អនុប្រធាន ADB កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដើម្បីធ្វើការពិភាក្សាអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកសេដ្ឋកិច្ចកម្ពុជា និង ២៖ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំរបស់ស្ថាប័ន WB និង IMF ជាមួយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលបណ្តាប្រទេសអាស៊ានបូកបី (ASEAN+3) ដោយមានការចូលរួមពីសំណាក់ប្រទេសម៉ុងហ្គោលី និងទីម័រខាងកើត និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៉ី (AIIB) នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លើប្រធានបទ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

នៅកិច្ចប្រជុំតាមប្រព័ន្ធ Teleconference ទាំង ០២ ខាងលើនេះ, លោក វង្សី វិស្សុត បានធ្វើការជម្រាបជូនអំពីបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលគិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នេះ, អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១១៤ នាក់ និងមានអ្នកជាសះស្បើយមានចំនួន ៣៥ នាក់ ហើយកម្ពុជានៅពុំទាន់មានករណីស្លាប់ពីជំងឺនេះនៅឡើយទេ។ ករណីភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រភពខាងក្រៅ (Imported Cases) និងមួយចំនួនតូចជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក (Limited Local Transmi- ssion) ដែលជាការឈានចូលក្នុងដំណាក់កាលទី២។

លោកបានគូសបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាបានដាក់ចេញនូវផែនការមេ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីត្រៀមប្រយុទ្ធនឹងជំងឺរាតត្បាតនេះរួចហើយ ក៏ដូចជាដើម្បី សម្រាលផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ចកម្ពុជា ដូចជា៖ ការដាក់ចេញនូវវិធានការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកា នៅក្នុងក្របខណ្ឌនៃច្បាប់ថវិកាជាតិឆ្នាំ២០២០, ផែនការមេសម្រាប់ទប់ស្កាត់, ស្រាវជ្រាវរក និងឆ្លើយតបទៅនឹងការគំរាមកំហែងពីជំងឺកូវីដ-១៩, ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងសភាពការណ៍ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការចាំបាច់បន្ទាន់ជាបន្តបន្ទាប់មួយចំនួនទៀត ដើម្បជួយដោះស្រាយផលប៉ះពាល់ដល់គ្រប់តួអង្គ ពិសេសធុរជន និងក្រុមប្រជាជនងាយរងគ្រោះ ដើម្បីរក្សាស្ថិរភាពសង្គម, លំនឹងនៃធុរកិច្ច និងលំនឹងនៃជីវភាពរស់នៅ។

លោក វង្សី វិស្សុត ក៏បានបន្តលើកឡើងផងដែរថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះ បានធ្វើឱ្យមានការថមថយកំណើនរបស់សេដ្ឋកិច្ចកម្ពុជាជារួម ហើយប្រសិនបើស្ថានភាពនៃការរីករាលនៃជំងឺនេះកាន់តែអូសបន្លាយយូរទៅទៀត វាអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែថមថយបន្ថែមទៀតតាមនោះផងដែរ។ ទន្ទឹមនេះ ការប្រមូលចំណូលគ្រប់ប្រភេទ ក៏មានធ្លាក់ចុះ ឬអាចនិយាយបានថា មិនអាចប្រមូលបានតាមការគ្រោងទុក។

ក្នុងបរិការណ៍នេះ និងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, កម្ពុជានឹងបន្តពង្រឹងការអនុវត្តនូវបណ្តាវិធានការនានា ដែលបានដាក់ចេញកន្លងមក ដោយផ្តោតលើអាទិភាពចំនួន ០៤ ទាំងនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និង ក្រោយពេលជំងឺកូវីដ-១៩ (Post Covid-19) គឺ៖

*(១)៖ ការបង្កើនថវិកាសម្រាប់ការបង្កើនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពី ៦០ លានដុល្លារអាមេរិក ទៅដល់ ១០០ លានដុល្លារអាមេរិក
*(២)៖ ការពិនិត្យលទ្ធភាពផ្តល់ការឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះដោយសារនិកម្មភាព និងប្រជាជនក្រីក្រ ដែលងាយរងគ្រោះ ទាំងនៅតាមទីក្រុង និងតាមជនបទ ដើម្បីរក្សាលំនឹងជីវភាព តាមរយៈគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work) និងគម្រោងរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ដែលធ្វើឱ្យតម្រូវហិរញ្ញប្បទានសម្រាប់កម្ពុជាមានទំហំកើនរហូតដល់ជាង ៣០០ លានដុល្លារអាមេរិក
*(៣)៖ ការជួយគាំទ្រតាមលទ្ធភាពជាអតិបរមាដល់ការលំបាក និងបញ្ហាប្រឈមរបស់ធុរកិច្ច និងអាជីវកម្ម ផលិតកម្ម និងបង្កើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យកសិកម្ម ស្បៀងអាហារ វិស័យចាំបាច់ផ្សេងៗទៀត ដែលជាដង្ហើមសេដ្ឋកិច្ចក្នុងគ្រាលំបាកនេះ
*និង (៤)៖ ការធានាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

លោកក៏បន្តលើកឡើងថា កម្ពុជាក៏មានយន្តការស្ថាប័នច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងកម្រិតថ្នាក់ជាតិតែម្តង ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រមុខនៃរាជរដ្ឋាភិបាល និងគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពគ្រប់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងនៅថ្នាក់ក្រោមជាតិផងដែរ។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Teleconference នេះផងដែរ ថ្នាក់ដឹកនាំ ADB និង WB បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិធានការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងបុរេសកម្ម ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់របស់ជំងឺនេះ លើសេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយស្ថាប័ន ADB និង WB បានសន្យាថានឹងបន្តជួយកម្ពុជាឱ្យឆ្លងផុតនូវដំណាក់កាលដ៏លំបាកនេះ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងអនុសាសន៍ ទាំងក្នុងការផ្តល់ហិរញ្ញប្បទានបន្ថែម ជាពិសេសសម្រាប់ទ្រទ្រង់ថវិកា។

គួរបញ្ជាក់ដែរថា កន្លងមក ADB បានផ្តល់នូវសម្ភារ និងបរិក្ខារមួយចំនួន សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយបានប្រកាសនូវកញ្ចប់ថវិកាប្រមាណ ៦,៥ ប៊ីលានដុល្លារអាមេរិក សម្រាប់ប្រទេសជាសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) ប្រើប្រាស់បន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមការពិភាក្សាគ្នាជាមួយ ADB កម្ពុជាអាចប្រើប្រាស់ហិរញ្ញប្បទានដែលជាមូលនិធិទ្រទ្រង់ថវិកាប្រមាណពី ២៥០ ទៅ ៣០០ លានដុល្លារអាមេរិក ក្រោមកញ្ចប់ថវិកា ៦,៥ ប៊ីលានដុល្លារអាមេរិកនេះ។

ទន្ទឹមនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ WB ទើបបានផ្តល់ការអនុម័តនូវគម្រោងឆ្លើយតបបន្ទាន់ នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក។ បន្ថែមពីនេះ តាមសំណើរបស់កម្ពុជា WB កំពុងសិក្សា និងរៀបចំគម្រោងថ្មី ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈហិរញ្ញប្បទានទ្រទ្រង់ថវិកា ដែលមានលក្ខណៈបត់បែនទន់ភ្លន់ និងឆ្លើយតបតម្រូវការរបស់កម្ពុជាដែលមានទំហំប្រមាណ ១០០-២០០ លានដុល្លារអាមេរិក។ ដោយឡែក IMF ក៏សន្យានឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ទ្រទ្រង់ជញ្ជីងទូទាត់ដែរ ប្រសិនបើកម្ពុជាត្រូវការ។

លោក វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB និង WB ដែលជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទី កាន់តែសំខាន់ជាពេលណាៗទាំងអស់ ដែលបន្តជួយកម្ពុជាទាំងក្នុងដំណាក់កាលកម្ពុជាបានទទួលផលសេដ្ឋកិច្ច និងកំពុង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះផងដែរ៕