(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងសារជាថ្មីម្ដងទៀត ដោយជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ជាពិសេសបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានឃ្លាំងស្តុក បន្ដចូលរួមទិញស្រូវ ពីកសិករដែលផលិតបាន ក្នុងតម្លៃមួយសមរម្យ តាមតម្លៃទីផ្សារ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ កុំទាន់ប្រញាប់សម្រុកលក់ស្រូវពេកនៅពេលនេះ ដោយអាចរក្សាទុកបន្តិច ដើម្បីទទួលបានតម្លៃល្អនៅពេលខាងមុខ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «លើសពីនេះ ដើម្បីបង្កើនផលចំណេញសេដ្ឋកិច្ច សម្រាប់ពេលខាងមុខ សម្រាប់ប្រជាកសិករ និងឈ្មួញដែលស្តុកស្រូវ ទុកតាមមូលដ្ឋាន សូមមេត្តាកុំប្រញាប់លក់ស្រូវ ចេញឲ្យឈ្មួញអ្នកនាំចេញនៅពេលនេះ»

ដើម្បីជួយដល់ប្រជាកសិករ ដែលមានស្រូវនៅសល់ត្រូវការលក់ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ដែលខ្វះខាតទុនបង្វិលក្នុងការទិញស្រូវ។

ចំពោះរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ដែលមិនមានទុនបង្វិលគ្រប់គ្រាន់ សូមអញ្ជើញធ្វើការទាក់ទង ស្នើសុំនូវកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមអាស័យដ្ឋានទាក់ទងដូចខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាគារលេខ ៩-១៣ វិថីលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
* លោក ចាន់ សីហា អគ្គនាយករង ០១២ ៨៨១ ៩៦៩
* លោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាន ០៧៧ ៧៥៩ ១៥៩៕