(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងបញ្ជាក់ថា ការបែងចែកប្រាក់រង្វាន់ និងប្រាក់ដែលពិន័យបាន ពីការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងទៅតាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ហើយការត្រួតពិនិត្យ និងការផាកពិន័យ មិនមែនដើម្បីស្វែងរកប្រាក់ចំណេញនោះទេ គឺធ្វើឡើងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ។

ការបញ្ជាក់របស់ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនតូច ពិសេសអ្នកលេង Facebook ចោទប្រកាន់ថា ការបែងចែកប្រាក់ពិន័យនេះ គឺធ្វើឡើងដើម្បីស្វែងរកប្រាក់ចំណេញ និងដើម្បីភាពមានបានរបស់សមត្ថកិច្ច។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគថ្មី សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងថា «ការត្រួតពិនិត្យ និងផាកពិន័យនេះ មិនថាជាការត្រួតពិនិត្យ និងផាកពិន័យដើម្បីរកប្រាក់ចំណេញនោះទេ បានសេចក្តីថា យើងធ្វើយ៉ាងណា ដើម្បីឲ្យបងប្អូនទាំងអស់នេះ គោរពច្បាប់តែប៉ុណ្ណោះ មិនគិតថាការផាកពិន័យនេះ ខ្ពស់ជាងពីមុននោះទេ ។ បើសិនជាយើងប្រៀបធៀបនៅប្រទេសជិតខាង  ការផាកពិន័យនេះធៀបនឹងប្រទេសជិតខាង បានតែ ៥០ភាគរយទេមិនខ្ពស់ជាងទេ»។

សូមជម្រាបថា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងមួយ ដើម្បីបែងចែកប្រាក់ពិន័យ ដែលបានពីអំពើល្មើសច្បាប់ចរាចរណ៍ ដោយត្រូវបានបែងចែកជាចំណែក សម្រាប់បង់ចូលថវិកាជាតិ ចំណែកប្រាក់រង្វាន់ ផ្តល់ជូនក្រសួងមហាផ្ទៃ និងចំនែកប្រាក់រង្វាន់ ផ្តល់ជូនក្រសួងសេចដ្ឋកិច្ច និងហិរញ្ញាវត្ថុ ផ្អែកតាមសមាមាត្រភាគរយ ធៀបទៅនឹងប្រាក់ពិន័យ ដែលប្រមូលបាន ក្នុងនោះរួមមាន៖

* បង់ចូលថវិកាជាតិចំនួន ៤% នៃប្រាក់ពិន័យដែលប្រមូលបាន

* ផ្តល់ជូនក្រសួងមហាផ្ទៃចំនួន ៩៥% នៃប្រាក់ពិន័យដែលប្រមូល បានសម្រាប់ចំណាយឧបត្ថម្ភជូនមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូល និងបែងជូនដល់អង្គភាព គោលដៅដូចខាងក្រោម៖

    - នគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ច នៅនឹងកន្លែង ចំនួន៧០%
    - នាយកកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ១០%
    - ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ខេត្ត ចំនួន៩%
    - ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ ចំនួន៥%
    - ផ្តល់ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ១%

* ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន១ភាគរយ នៃប្រាក់ពិន័យដែលប្រមូលបាន៕