(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបានការឧបត្ថម្ភ ជាឧបករណ៍ ទឹកថ្នាំសម្លាប់មេរោគ ម៉ាស់ និងទឹកលាងដៃ ពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ស្រាបៀរ Ganzberg និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រគល់ និងទទួលឧបករណ៍ ទឹកថ្នាំសម្លាប់មេរោគ ម៉ាស់ និងទឹកលាងដៃ ពីក្រុមហ៊ុនចំនួន២នេះ ក្រោមការចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

ក្នុងពិធីទទួល និងប្រគល់ឧបករណ៍ ទឹកថ្នាំសម្លាប់មេរោគ ម៉ាស់ និងទឹកលាងដៃនេះដែរ, លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ក្រុមហ៊ុន ស្រាបៀរ Ganzberg និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19)។

បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ បានប្ដជ្ញានិងខិតខំយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងចិត្ត កាយ ប្រាជ្ញា ស្មារតី ក្នុងការបំផុសឲ្យមានការចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នូវទូទាំងពិភពលោក តាមសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមស្មារតី នៃសារាចរណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់ក្រុមហ៊ុន ស្រាបៀរ Ganzberg ដែលបានឧបត្ថម្ភជូនសាលាខណ្ឌឫស្សីកែវ នាពេលនេះរួមមាន៖ ឧបករណ៍សម្រាប់បាញ់ថ្នាំសម្លាប់មេរោ គ ចំនួន១០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំនួន០២ធុង។ ដោយឡែក សម្រាប់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានឧបត្ថម្ភជូនសាលាខណ្ឌឫស្សីកែវ នាពេលនេះរួមមាន៖ ម៉ាស់ ចំនួន ២៥០០ម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគ ចំនួន៥០ដប៕