(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ ដែលមានតម្លៃសរុបជិត១៦ម៉ឺនដុល្លាអាមេរិក ដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។

ពិធីប្រគល់សម្ភារៈបរិក្ខាពេទ្យដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង វិធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ពិធីនេះមានការចូលរួមដោយ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងមានវត្តមានលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ជាភាគីទទួលសម្ភារៈ និងលោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យតំណាងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រចាំនៅកម្ពុជា ជាភាគីប្រគល់សម្ភារៈ ព្រមទាំងអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

ជំនួយសម្ភារៈបរិក្ខានេះ ជាការឧបត្ថម្ភក្នុងក្របខណ្ឌសង្គមស៊ីវិល តាមការស្នើសុំរបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៅកម្ពុជា ក្នុងនោះមានម៉ាស់ពេទ្យចំនួន ១៥០ ០០០សន្លឹក ម៉ាស់មុខ 3D ចំនួន ៥០ ០០០សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន ឬប្រមាណ ១៥៩,១៩២ដុល្លារ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា ការទទួលអំណោយសប្បុរសធម៌ពីមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅពេលនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19។

លោកបានបន្តថា សម្រាប់សម្ភារការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទទួលនៅថ្ងៃនេះមិនមែនជាលើកទៅមួយនោះទេ គឺមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានចូលរួមចំណែកឆ្លើយតបយ៉ាងជាក់ស្តែង និងទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងពេលមានគ្រោះអាសន្ន ជាក់ស្តែងកាលពីឆ្នាំមុនមូលនិធិនេះ បានចូលរួមផ្តល់អំណោយជាអណ្តូងទឹកចំនួន ២០០ នៅក្នុងពេលដែលប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួត ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តតាកែវ ផងដែរ។

ជំនួយទាំងនេះ បានដឹកតាមជើងយន្តហោះពិសេសមកដល់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្នុងនោះថ្នាំបុរាណ ដែលផ្តល់ជូននេះ ត្រូវបានផលិតដោយសមាគមឱសថបុរាណចិន និងត្រូវបានប្រើប្រាស់យ៉ាងជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីក្រុងអ៊ូហាន ប្រទេសចិន។ ចំពោះថ្នាំបុរាណចិននេះ តាមយោបល់របស់មិត្តចិន ក្រសួងសុខាភិបាល គួរសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ចិន ដែលទើបបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មុននឹងប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕