(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានទទួលនូវឧបករណ៍ប្រើបា្រស់ សម្រាប់សម្លាប់មេរោគកូវីដ១៩ (COVID-19) ចំនួន១០០ធុង និងឧបករណ៍ប្រើប្រាស់មួយចំនួន ពីក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីអ៊ែរឡាញ។

ពិធីប្រគល់-ទទួលសម្ភារទាំងអស់នេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួម ពី លោក Darren Chan អគ្គនាយករងក្រុមហ៊ុន អាកាសចរណ៍ឡានម៉ីអ៊ែរឡាញ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដែលបានជួយឧបត្ថម្ភឧបករណ៍ទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។

ជំនួយមនុស្សធម៌របស់ក្រុមហ៊ុនខាងលើនេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៤ករណី ក្នុងនោះក៏មានអ្នកជំងឺកូវីដ៣៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៧៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស៕