(ភ្នំពេញ)៖ បន្ទាប់ពីមានសន្ទុះខ្លាំងក្នុងពីរទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងធ្លាក់មកត្រឹម២.៣% សម្រាប់ឆ្នាំ២០២០។

និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា (កូវីដ១៩-COVID-19) ការថមថយនៃសេដ្ឋកិច្ច ប្រទេសធំៗ ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន ដែលរងប៉ះពាល់ដោយសារជំងឺនេះ និងការធ្លាក់ចុះទីផ្សារនាំចេញ។

នេះជាការព្យាករ ក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហៅថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook – ADO) ២០២០ ចេញ ផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើងវិញដល់៥.៧% ក្នុងឆ្នាំ២០២១ ប្រសិនបើ ជំងឺរាតត្បាតនេះ ត្រូវបញ្ចប់ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិលមករកប្រក្រតីភាពវិញ»

លោកស្រីបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការ គាំទ្របៀវត្សដល់ កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា។ រាជរដ្ឋាភិបាលក៏រៀបចំថវិកាបម្រុងសម្រាប់អន្តរាគមន៍ចាំបាច់ ដើម្បីកាត់ បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅលើប្រជាពលរដ្ឋដែលងាយរងគ្រោះ»

ក្នុងឆ្នាំ២០២០ ផ្នែកសេវាកម្មរបស់កម្ពុជា នឹងធ្លាក់ចុះប្រមាណ១.៧%ដោយសារឱនភាពវិស័យទេសចរ និងការថមថយនៃកំណើនអចលនទ្រព្យ។

កំណើននៃវិស័យឧស្សាហកម្ម បានត្រូវព្យាករថា នឹងចុះដល់៦.៥% ដោយសារកម្រិតទាប នៃផលិតកម្ម សម្លៀកបំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ ដែលបន្ថយល្បឿន។

អតិផរណាត្រូវបានរំពឹងថា នឹងនៅតែមានអត្រាទាបដែលជាមធ្យមត្រឹម២.១% ក្នុងឆ្នាំ២០២០ ខណៈដែលកំណើនសេដ្ឋកិច្ចថយចុះ ហើយអត្រាអតិផរណានឹងនៅតែ ទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេងអន្តរជាតិទាប។

របាយការណ៍ ADO រំលេចការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុ ក្រៅពីប្រព័ន្ធធនាគារព្រមទាំងការបង្កើតផ្សារមូលធនក្នុងស្រុក ដើម្បីផ្តល់ហិរញ្ញប្បទាន ដែលត្រូវការសម្រាប់ពិពិធកម្មការវិនិយោគ និងការរីកចម្រើន។

លោកស្រី Durrani-Jamal បានថ្លែងថា រាជរដ្ឋាភិបាលគួរផ្តោតជាសំខាន់លើការទប់ស្កាត់ជំងឺ កូវីដ១៩ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរ និងសេវាកម្ម នឹងមានការលំបាក។

រាជរដ្ឋាភិបាលអាចប្រើថវិកា ពីក្នុងកញ្ចប់របស់ ADB ដែលសរុបមានចំនួន៦.៥ពាន់លានដុល្លារអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា សម្រាប់ឆ្លើយតបនឹងកូវីដ១៩។ ថវិកានេះ ADB បម្រុងសម្រាប់ តម្រូវការបន្ទាន់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយ ផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម៕