(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាថ្មីមួយទៀត បង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។

លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការចោទប្រកាន់៣ករណីក្នុងរឿងនេះ ក្នុងនោះមានបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥។

ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនដែលចេញ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ហើយដែល Fresh News ទទួលបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា តុលាការបានចេញដីការបង្គាប់ឱ្យចូលខ្លួនថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ តែលោក សម រង្ស៊ី ពុំបានមកបង្ហាញខ្លួន ចំពោះមុខចៅក្រមតាមការកំណត់នោះទេ។

ក្រៅពីករណីនេះ លោក សម រង្ស៊ី ក៏កំពុងប្រឈមនឹងសំណុំរឿង២ផ្សេងទៀតដែរ ក្នុងនោះមានសំណុំរឿងបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលតុលាការដើមចោទទាមទារឱ្យអនុវត្តទោស និងសំណុំរឿងបរិហារកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

តុលាការក្រុងភ្នំពេញ នាពេលកន្លងទៅបានចេញដីកាបញ្ជាឱ្យចាប់ខ្លួន លោក សម រង្ស៊ី ដើម្បីអនុវត្តតាមសាលក្រម និងសាលដីកាដែលតុលាការកាត់ក្តីឱ្យលោក ចាញ់ក្តីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។ តុលាការដដែលនេះ ក៏បានកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺថែមទៀត ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែលកាលពីដើមខែធ្នូ ឆ្នាំ២០១៥។ មេធាវីសម្តេច ហេង សំរិន បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី បន្ទាប់ពីលោកសរសេរនៅលើទំព័រ Facebook កន្លងទៅថា របបដឹកនាំនៅសម័យរដ្ឋកម្ពុជា (គ្រប់គ្រងដោយសម្តេច ហេង សំរិន) ធ្លាប់បានកាត់ទោសប្រហារជីវិតអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ពីបទក្បត់ជាតិ៕