(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា មានជនអន្តោប្រវេសន៍ចំនួន ៤.៤២៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ៣.៩៧៨នាក់ ត្រូវបានចាប់ខ្លួន និង បណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ២០១៥កន្លងទៅនេះ។

លោក កែវ វ៉ាន់ថន បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះថា ជនអន្តោប្រវេសន៍ ដែលបណ្តេញចេញពីកម្ពុជា មានចំនួន ៤៩សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម មានចំនួនច្រើនជាងគេ បន្ទាប់មក គឺជនជាតិចិន។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាត់វិធានការក្តៅ និង សស្រាក់សស្រាំជាទីបំផុត ទៅលើជនអន្តោប្រវេសន៍ ដែលរស់នៅខុស ច្បាប់ក្នុងកម្ពុជា បន្ទាប់ពីអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០១៤។ ការបោសសំ អាតជនអន្តោប្រវេសន៍ នាំឲ្យមានការសាទរខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។

លោក កែវ វ៉ាន់ថន បានអះអាងថា ប្រតិបត្តិការបោសសំអាតជនអន្តោប្រវេសន៍នេះ នឹងនៅតែបន្តដូចភ្លៀងរលឹម ហើយមិនថម ថយនោះឡើយ។ លោកឧត្តមសេនីយ៍ បានថ្លែងយ៉ាងដូច្នេះ «ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍ បានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបោសសំអាត រាល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលចូលមកប្រទេស កម្ពុជាគ្មានលិខិតឆ្លងដែន លិខិតឆ្លងដែនហួសសុពលភាព ឬមិនមានវាយទិដ្ឋការចូលជាដើម។ តែយើងធ្វើឡើង ដោយគោរពគោលការណ៍សិទ្ធិមនុស្ស មិនមានការចាប់បង្ខំ ឬរំលោភលើសិទ្ធិមនុស្សនឡើយ»

លោក កែវ វ៉ាន់ថន ក៏បានបង្ហើបឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏កំពុងធ្វើជំរឿនលើជនបរទេសរស់ នៅកម្ពុជា បូករួមទាំងជនជាតិវៀតណាមផងដែរ។ លោកបន្ថែមថា មានខេត្តជាច្រើន បានធ្វើជំរឿនរួចរាល់ហើយ នៅសល់តែខេត្តកណ្តាល និងរាជធានីភ្នំពេញតែប៉ុណ្ណោះ៕