(កំពង់ចាម)៖ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្តកំពង់ចាម ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានផ្ដល់អំណាយជូនសាលាសង្កាត់ចំនួន៤ ក្នុងក្រុងកំពង់ចាម សម្រាប់ចែកនាំយក ជូនបន្តដល់ប្រជាពលរដ្ឋប្រមាណជា ៥៦៦គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងកំឡុងពេលកើតមានជំងឺ Covid-19 នេះដល់ខ្នងផ្ទះរបស់ពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានលើកឡើងដែរថា អំណោយដែលបានប្រគល់ជូននាពេលនេះ ជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ១០ផងដែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូន ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធដែលត្រូវយកអំណោយទៅចែកជូនដល់ខ្នងផ្ទះពលរដ្ឋ គឺសូមជួយផ្សព្វផ្សាយបន្ថែមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ជាពិសេសត្រូវផ្សព្វផ្សាយដល់បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់ស្វែងយល់អំពីការដាកឲ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃដើម្បី សុខសុវត្ថិភាពក្នុងគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនសាលាសង្កាត់ចំនួន៤ ក្នុងក្រុងកំពង់ចាមមានទី១៖ សង្កាត់សំបួរមាស មានចំនួន ១៨១គ្រួសារ, ទី២៖ សង្កាត់វាលវង់ មាន ចំនួន ១៦២គ្រួសារ, ទី៣៖ សង្កាត់កំពង់ចាម មានចំនួន ១០២គ្រួសារ និងទី៤៖ សង្កាត់បឹងកុក មានចំនួន១២១គ្រួសារ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម ត្រីខ១២ កំប៉ុង ក្រម៉ា០១ និងសាប៊ូលាងដៃ០១ដប ៕