(ភ្នំពេញ)៖ នៅក្នុងប្រគល់អំណោយជាថវិកា និងសម្ភារមួយចំនួន ជូនដល់កងពលតូចថ្មីរជើងលេខ៣១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានក្រើនកងពលតូចថ្មើរជើងលេខ៣១ ជាអង្គភាពសម្ព័ន្ធមេត្រីភាព រួមសហការគ្នា ប្រយុទ្ធប្រឆាំង Covid-19 ដោយនៅឆ្នាំនេះកម្មវិធីជួបជុំគ្នាសប្បាយក៏ត្រូវបានលុបចោល ដោយបានប្រគល់ថវិកា និងសម្ភារមួយចំនួនជំនួសវិញ។

ថ្លែងនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាកើតឡើង តាមរយៈការចងសម្ព័ន្ធមេត្រីភាពរវាងគ្នា និងគ្នាកន្លងមក ព្រមទាំងបានផ្តល់សារសំខាន់ នៃវីរភាពរបស់កងទ័ពក្នុងការពារទឹកដី សុវត្ថិភាពសង្គម ជាពិសេសការពារសមិទ្ធផលសន្តិភាព ដែលយើងរកបានដោយកម្រ។ ជាមួយគ្នានេះ បានសម្តែងការ សោកស្តាយ ដែលមិនបានរៀបចំពិធីជួបជុំគ្នាដូចសព្វមួយដង។ ប៉ុន្តែនេះជាកាលៈទេសៈ ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នាប្រយុទ្ធប្រឆាំង និងមេរោគឆ្លងដ៏សហាវ Covid-19 នេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានជូនពរនាឧកាសចូលឆ្នាំថ្មីខាងមុខនេះ ដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារចំណុះកងពលតូចថ្មើរជើងលេខ៣១ ឲ្យទទួលបាននូវសុខសុវត្ថិភាព ជាពិសេសរក្សាសុខភាព អនាម័យឲ្យបានប្រសើរតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីកិច្ចការពារ និងប្រយុទ្ធប្រឆាំង នៃការរីករាលដាលរបស់មេរោគ Covid-19។

លោកឧត្តមសេនីយទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ដែលអមដំណើរដោយលោកមេបញ្ជាការរង និងមេបញ្ជាការកងវីរសេនាតូចទាំង៤ចំណុះកងពល និងក្នុងនាមអង្គភាពកងពលទាំងមូល សូមគោរពថ្លែងអំណរគុណ និងអបអរសាទរចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ត្រូវបានរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាផ្តល់ទំនុកចិត្ត តែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងលើកឡើងពីសមិទ្ធផលរីកចម្រើន កើតឡើងតាមរយៈការចងសម្ព័ន្ធមេត្រីភាព ដែលធ្វើឲ្យកងពលបានប្រែ មុខមាត់ថ្មី ហើយជីវភាពកងទ័ព និងគ្រួសារកងទ័ពត្រូវបានលើកកំពស់ មួយកំរិតថែមទៀត ពីព្រោះតាមរយៈការចងសម្ព័ន្ធមេត្រីភាពនេះ បានរួមចំណែកឲ្យអង្គភាពកងពលមានជុំរុំ ជម្រកស្នាក់នៅសមរម្យ មានសាលប្រជុំ អាគារសំណង់ធំៗ ផ្ទះបាយនិងបន្ទប់អនាម័យ។ល។

ដោយឡែក លំនៅដ្ឋានគ្រួសារកងទ័ពក៏រីកដុះដាល ធ្វើពីថ្មយ៉ាងព្រោងព្រាតផងដែរ។ ក្នុងនោះសមិទ្ធិផល ដែលនាយទាហាន ពលទាហាន ចំណុះកងពល និងគ្រួសារកងទ័ពមិនអាចបំភ្លេចបាន គឺដំណាំកៅស៊ូ ដែលជាគំនិតផ្តួចផ្តើមរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ហេង ឡុង ចំការកៅស៊ូបឹងកេត ធ្វើឲ្យដំណាំកៅស៊ូឲ្យផលជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះ ទទួលបានជ័រកៅស៊ូប្រមាណ១៥០ តោន គិតជាទឹកប្រាក់ជិត ២៣០ លានរៀល សម្រាប់ជួយទ្រទ្រង់តម្រូវការផ្សេងៗ និងការអភិវឌ្ឍន៌នានាក្នុងកងពល។ សមិទ្ធផលពីរទៀតដ៏សំខាន់ផងដែរ គឺ ធ្វើឲ្យកងពលមានទឹកស្អាតប្រើប្រាស់ ដែលជាការគិតគូខ្ពស់មួយរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ទៅលើសុខភាពកងទ័ព និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋជុំវិញ និងមួយទៀតការកសាង មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ក្នុងកងពល ដែលបានជួយអប់រំ កែប្រែ និងបន្សាបអ្នកញៀនថ្នាំបានជាច្រើននាក់ ។ ក្នុងនោះក្នុងចំណោមអ្នកញៀនថ្នាំជាង ៦០០នាក់ យើងបន្សាបបានជាងពាក់ កណ្តាលហើយ។

បន្ទាប់មកលោកមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានប្រគល់ថវិកា ចំនួន៥០ លានរៀលសម្រាប់ចែកជូននាយទាហាន ពលទាហានទាំងអស់ក្នុងកងពលម្នាក់ទទួលបាន ៥ម៉ឺនរៀល និងសម្ភារៈរួមមានកំព្យូទ័រយួរដៃចំនួន០២ គ្រឿង ម៉ាស៊ីនព្រីន ដែលអាចស្កេន និងកូពីពណ៌បាន ចំនួន០៣ គ្រឿង គិតជាថវិកាចំនួន ជាង១១លានរៀល៕