(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលាតិចណូ នាព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនូវដំណឹងសំខាន់មួយចំនួន ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងប្រទេសកម្ពុជា។

* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយនោះឡើយ។ សម្តេចបានអះអាង ការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីជា​មួយវិន័យដ៏តឹង​រឹងនេះ ក្នុងបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមិនអាចពន្យារបានទៀតឡើយ គ្រាគ្រោះថ្នាក់ចរាចរកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋយ៉ាងខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូពី៦ម៉ឺនរៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបាន ប្រកាសអំពាវនាវ​ឲ្យប្រជាពលរដ្ឋទាំងអស់​នាំគ្នាទៅធ្វើប័ណ្ណបើក​បរម៉ូតូ និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបំពេញតាមសំណូមម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដោយអនុញ្ញាតឲ្យពួកគេបន្ត ប្រើប្រាស់រថយន្តចង្កូតស្តាំ តែហាមដាច់ខាត​មិនឲ្យបន្តនាំរថយន្តចង្កូតស្តាំងចូលទៀតនោះឡើយ។ ការអនុញ្ញាតឲ្យប្រើប្រាស់រថយន្តចង្កូតស្តាំ បានធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តដឹកដីមានចង្កូតស្តាំប្រមាណជា ៤០០គ្រឿង បានទទូចសុំ រាជរដ្ឋាភិបាលសុំត្រឹមតែបង់ពន្ធ តែមិនដូចចង្កូត។ សម្តេចតេជោ បានហៅការអនុញ្ញាតឲ្យប្រើរថយន្តចង្កូតស្តាំនេះ គឺជាកាដូរមួយសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦នេះ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាល់ប្រជាពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់សេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់កាត់ផ្លូវនេះ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ តទៅ។ ដោយចាប់ផ្តើមអនុវត្តពីម៉ោង ០០៖០១នាទី ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។ សម្តេចថា ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជាតិផ្លូវជាតិលេខ៤ មានជាង ៣ម៉ឺននាក់។

* នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីគម្រោងកសាងសមិទ្ធផលធំៗ៤បន្ថែមទៀត បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការ ស្ពានអាកាសតិចណូ។ គម្រោង៤នេះរួមមនា រួមមាន ១-កសាងផ្លូវបត់កោង និងផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់ ២ -កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ឋរុស្ស៊ីត្រង់ចំណុចស្តុបបេកាសេ៣-សាងសង់ស្ពានអាកាស នៅចំណុចស្តុប​ផ្សារដីហុយត្រង់ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ និង -៤ ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបបញ្ចៀសការកកស្ទះចរាចរណ៍។

* នៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងកាសែតភ្នំពេញប៉ុស្តិ៍ ដែលបាន ចុះផ្សាយនាព្រឹកថ្ងៃទី ០៥ មករាឆ្នាំ ២០១៥ ដែលបានដាក់ចំណងជើងថា «ស្ពានអាកាសថ្មីមួយត្រូវដាក់ឈ្មោះថ្ងៃអាពាហ៍ពិពាហ៍លោកនាយករដ្ឋមន្ត្រី»។ សម្ដេចបានបញ្ជាក់ថា តើជាថ្ងៃទាំងអស់គ្នា ឬជាថ្ងៃរបស់លោក បើសិនជាស្ពាននេះដាក់ថា ជាស្ពានអនុស្សាវរីយ៍ខួបលើកទី៤០ របស់សម្ដេចតេជោ និងភរិយាអាហ្នឹងចាំថា ។

* នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ហាក់បានសម្តែងអារម្មណ៍សង្វែកអាណិតខ្លួនឯង ដោយលើកឡើង ប្រហែលជានៅលើលោកនេះ មិនមានមេដឹកនាំណាដែលមានជីវិតជូចត់ដូចសម្តេចនោះទេ។ សម្តេចតេជោនិយាយថា ជីវិតសម្តេចបានបាត់បង់កូនរបស់ខ្លួន ហើយត្រូវព្រាត់ប្រពន្ធ ទាំងកូននៅក្នុងផ្ទៃ ដើម្បីតស៊ូដើម្បីប្រទេសជាតិ៕