(ភ្នំពេញ)៖ ទឹកលាងដៃសម្លាប់មេរោគដបធំចំណុះ០៥ លីត្រ ចំនួន០២ កេស-ប្រភេទដបចំណុះ០១លីត្រ ចំនួន០២ កេស-ប្រភេទ២៥០មីលីលីត្រចំនួន ០៣កេស-ប្រភេទ៦០មីលីលីត្រ ចំនួន០៣ កេស -សាប៊ូលាងដែសម្លាប់មេរោគចំនួន០៨កេស និងប្រភេទ Spray បាញ់ ចំនួន០១កេស ដែលជាអំណោយរបស់ក្រុមហ៊ុន LSV Industry Co.,Ltd ត្រូវបានរៀបចំពិធីប្រគល់ទទួល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទីស្តីការក្រសួង។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ និងចាត់ទុកកាយវិការ និងស្មារតីរបស់ក្រុមហ៊ុន LSV Industry Co.,Ltd ដែលមានលោកស្រី នុត សម្ផស្ស ជាអគ្គនាយិការក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើម Covid-19។

លោកបានរំលឹកថា ការប្រើប្រាស់សារធាតុសម្លាប់បាក់តេរី និងមេរោគ គឺត្រូវការផលិតផលដែលគោរពតាមស្តង់ដារត្រឹមត្រូវ ហើយបានស្នើឲ្យក្រុមហ៊ុន LSV Industry Co.,Ltd ដែលយើងស្គាល់ថា ជាក្រុមហ៊ុនក្នុងស្រុកផលិតសាប៊ូ និងទឹកលាងដៃសម្លាប់មេរោគ មានស្លាកសញ្ញាឈ្មោះ OKA ប្រកបដោយគុណភាព និងគោរពបានតាមស្តង់ដារត្រឹមត្រូវ សួមបន្តផលិតឲ្យបានច្រើនថែមទៀត ដើម្បីធ្វើការចែកចាយលើទីផ្សារកម្ពុជា ហើយក៏អាចជួយទប់ស្កាត់ បាននូវផលិតមួយចំនួន ដែលមិនត្រឹមតែជួយកំចាត់មេរោគ ឬបាក់តេរីបានទេ ថែមទាំងប៉ះពាល់ដល់សុខភាពថែមទៀត។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរកទិញផលិតផល ឬសារធាតុសម្លាប់មេរោគ សូមពិនិត្យមើលផលិតផល ដែលមានប្រភពច្បាស់លាស់។ ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចកម្ពុជា ក៏កំពុងមានវិធានការជាបន្តបន្ទាប់ ចំពោះផលិតផលគ្មានគុណភាព និងក្លែងក្លាយផងដែរ។

លោកស្រី នុត សម្ផស្ស អគ្គនាយិការក្រុមហ៊ុន LSV Industry Co.,Ltd ក្នុងនាមផ្ទាល់ខ្លួន និងក្រុមហ៊ុន បានបង្ហាញនូវទឹកចិត្តអរគុណ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានកិច្ចសហការ និងគាំទ្រដ៏សកម្មដល់ក្រុមហ៊ុន ចាប់តាំងពីបានដំណើរការក្នុងឆ្នាំ២០១៣មក ដូចជា ការងារបណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹងផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រង ផលិតកម្មស្អាត និងគុណភាពផលិតផលជាដើម ក្នុងនាមក្រសួង ជាអាណាព្យាបាលនៃវិស័យសហគ្រាសធុនតូច និងមធ្យម (SME)។
ដោយឡែក នៅក្នុងកាលៈទេសៈនៃការរីកដុះដាលនៃជំងឺ Covid-19 នេះ ក្រុមហ៊ុនបានបង្ហាញនូវស្មារតីចូលរួមជាមួយក្រសួង ក៏ដូចជា ជាមួយរាជរដ្ឋាភិបាល តាមរយៈការផលិតនូវផលិតផលប្រកប ដោយគុណភាព និងអនុលោមតាមស្តង់ដារត្រឹមត្រូវ និងមិនគ្រោះថ្នាក់ជាយថាហេតុ។

លោកស្រីបានបញ្ជាក់ថា ផលិតផលសម្លាប់មេរោគ ដែលមានជាតិអាល់កុលខ្ពស់ អាចនឹងបង្កឲ្យមានការឆាបឆេះ និងរលាកលើខ្លួនប្រាណបាន។ ចំពោះផលិតផលម៉ាក OKA របស់ក្រុមហ៊ុន លោកស្រី ធានាបាននូវការរលាក ឬការឆាបឆេះជាយថាហេតុ។ ប៉ុន្តែមានសមត្ថភាពសម្លាប់មេរោគ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកស្រីបានសង្កត់ធ្អន់ថា ដរាបណានៅមានវត្ថុធាតុដើម ជាអាល់កុល ដែលក្រុមហ៊ុនអាចទិញបាន ក្រុមហ៊ុននៅតែបន្តផលិត ដើម្បីចែកចាយលើទីផ្សារ និងផ្តល់ជាជំនួយជាបន្តបន្ទាប់ទៀត។

ជាពិសេសសូមថ្លែងអំណរគុណដល់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលបានណែនាំក្រុមហ៊ុនថ្មីមួយទៀត ដើម្បីឲ្យក្រុមហ៊ុនរបស់លោកស្រី ធ្វើការទំនាក់ទំនងទិញអាល់កុល ជាវត្ថុធាតុដើម សម្រាប់ផលិតបន្តទៀតឲ្យកាន់តែច្រើនជាងមុន ក្រៅពីក្រុមហ៊ុន SKD ដែលក្រុមហ៊ុនបានទិញអាល់កុលផ្គត់ផ្គង់ ឲ្យសហគ្រាសជាប្រចាំ។ ដោយសារក្រុមហ៊ុន SKD បច្ចុប្បន្នក៏មានតម្រូវការបែងចែកច្រើនផ្នែកផងដែរ៕