(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក នួន ផារ័ត្ន អភិបាលរងរាជធានី នាំយកសម្ភារប្រើប្រាស់មួយចំនួន ដែលអាចចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ទៅឧត្ថម្ភជូនលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីប្រគល់ និងទទួលសម្ភារប្រើប្រាស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 បានធ្វើឡើង ក្រោមវត្តមានចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ មន្ត្រីរាជការ និងតំណាងរដ្ឋបាលសង្កាត់ទាំង០៧ ផងដែរ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសប្រគល់ និងទទួលអំណោយនេះ លោក នួន ផារ័ត្ន បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ឲ្យមានប្រសិទ្ធភាព វាអាស្រ័យលើកត្តា ៣ជាចំបង៖

*ទី១៖ កត្តាសំភារៈដូចដែលមាននៅចំពោះមុខនេះស្រាប់
*ទី២៖ ចំណេះដឹង វាអាស្រ័យលើប្រជាពលរដ្ឋ មានការយល់ដឹងពីជម្ងឺនេះជាអ្វី? ឆ្លងរបៀបណា? ការពារខ្លួនរបៀបណា?
*ទី៣៖ គឺមនសិការបើគ្រាន់តែមានសំភារៈ និងការយល់ដឹងតែគ្មានឆន្ទៈចូលរួមទេ ក៏គ្មានប្រសិទ្ធភាពអ្វីដែរ។

នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតហើយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើង រហូតដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹម ចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

ករណីជាសះស្បើយចំនួន០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។

ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក៕