(ភ្នំពេញ)៖ ក្រោយពីការរុះរើគណៈរដ្ឋមន្រ្តីថ្មីនៅពាក់កណ្តាលអាណត្តិនេះ មានរដ្ឋមន្រ្តីពីររូបក្នុងចំណោមរដ្ឋមន្រ្តីថ្មី៤រូប ដែលគេចាប់អារម្មណ៍ជាងគេនោះគឺ លោក ជា វ៉ាន់ដេត និងលោក កើត រិទ្ធ ដែលជាឈាមថ្មីជាបញ្ញាវ័ន្តក្រោមវ័យចំណាស់ ដែលចេញមកពីនិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

លោក ជា វ៉ាន់ដេត បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្សីនៅឆ្នាំ១៩៩០។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឆ្នាំ១៩៩៤ រួចបន្តយកថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅឆ្នាំ១៩៩៧។ ក្រោយពីត្រឡប់ចូលមកប្រទេសវិញ លោកបានធ្វើជាសាស្ត្រាចារ្យក្រៅម៉ោងផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញ ក្នុងពេលតែមួយជាមួយការងាររដ្ឋក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងឋានៈជាសេនាធិការផ្ទាល់នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ដោយការជឿជាក់លើសមត្ថភាព លោក ជា វ៉ាន់ដេត ត្រូវបានតែងតាំងជាប្រធានការិយាល័យសេដ្ឋកិច្ច នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៅទីស្ដីការគណៈរដ្ឋមន្ត្រី បន្ទាប់មកជាអនុប្រធាននាយកដ្ឋាន និងជានាយកខុទ្ទកាល័យឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

ក្នុងរយៈពេលជាង២០ឆ្នាំនេះ លោកបានចូលរួមចំណែកក្នុងសកម្មភាពការងារជាច្រើន ទាំងវិស័យរដ្ឋ និងឯកជន និងបានជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ដល់និស្សិតកម្ពុជាតាមរយៈការជ្រោមជ្រែងដោយផ្ទាល់ផងនិងការស្វះស្វែងរកអាហារូបករណ៍ឲ្យផង។ លោកក៏ជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យមួយមានគុណភាពល្អ និងមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហើយនិសិ្សតឆ្នើមៗ ដែលមានជីវភាពក្រីក្រលំបាកក៏បានទទួលនូវឱកាសមាសក្នុងការទទួលបានអាហារូបករណ៍សិក្សានៅទីនោះ។

ទន្ទឹមនឹងការជួយដល់និស្សិតក្រីក្រ លោក វ៉ាន់ដេត ដែលជាអ្នកស្រឡាញ់ការសិក្សា ក៏ព្យាយាមបន្តសិក្សាបន្ថែមខ្លួនឯងរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀត ផ្នែកគ្រប់គ្រងធុរកិច្ច (Executive MBA) នៅឆ្នាំ២០១៦ ពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) នៃប្រទេសសឹង្ហបុរីបន្ថែមទៀត។

ទាក់ទងនឹងកិច្ចការរដ្ឋវិញ លោកបានដឹកនាំក្រុមការងារតាក់តែង សៀវភៅស ជាច្រើនក្បាលរបស់រាជរដ្ឋាភិបាល ហើយក៏ជាសេនាធិការផ្ទាល់ក្នុងនាមជាប្រធានក្រុមការងារប្រាសាទព្រះវិហារប្រចាំការក្នុងប្រទេសនៅពេលដែលឧបនាយករដ្ឋមន្រ្តី សុខ អាន បានចេញទៅបំពេញបេសកកម្មរកដំណោះស្រាយនៅឯក្រៅប្រទេស។

រហូតដល់ឆ្នាំ២០១៨ ក្រោយពីបានទទួលការតែងតាំងជាប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងក្នុងឋានៈជាសមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា លោកបានបំពេញការងារលេចធ្លោរជាច្រើន។ សកម្មភាពទាំងនេះ អាចជាកត្តាចម្បងបន្ថែម ដែលនាំឲ្យសម្តេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោកឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ ប្រសាសន៍សម្តេចថា លោកត្រូវការអ្នកឈ្លាសវៃ អ្នកសកម្ម និងរហ័សរហួនក្នុងការងារកំណែទម្រង់ស៊ីជម្រៅរបស់លោក៕

អំពីតួនាទីក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ធ្លាប់បានបំពេញការងារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ធានារ៉ាប់រងបន្តកម្ពុជា ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាភិបាល។

ថ្លែងនៅឯពិធីទទួលតំណែងថ្មីជារដ្ឋមន្រ្តី នៅព្រឹកថ្ងៃព្រហស្បតិនេះ លោក ជា វ៉ាន់ដេត បានដាក់ចេញនៅការងារអទិភាពចំនួន៩ចំណុច ជាពិសេសការពង្រឹងធនធានមនុស្សរបស់មន្រ្តីរាជការក្នុងក្រសួង ប្រសិទ្ធភាពការងារ និងទំនើបកម្ម និងបញ្ចប់ឱ្យបានឆាប់រហ័សនូវគោលនយោបាយរដ្ឋាភិបាលឌីជីថល។

ទន្ទឹមនឹងការងារអទិភាពទាំងនោះ លោក ជា វ៉ាន់ដេត ក៏សូមការយោគយល់ពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្នុងក្រសួងពីផែនការកែរទម្រង់ដែលអាចមានការប៉ះទង្គិចខ្លះ ប៉ុន្តែត្រូវតែធ្វើដើម្បីធានាប្រសិទ្ធិភាពការងារនិងជោគជ័យទាំងអស់គ្នា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន។

យ៉ាងណាក៏ដោយ មហាជននឹងរង់ចាំមើលថាតើ លោក ជា វ៉ាន់ដេត អាចធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដែររឺទេ?