(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងថា គិតចាប់ពីខែមករា មកដល់ដើមខែមេសា ឆ្នាំ២០២០នេះ អ្នកមកពិគ្រោះយោបល់សង្ស័យខ្លួន មានជំងឺកូវីដ១៩ ចំនួន១,៩៨៧នាក់ និងអ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ ចំនួន១,២៨៣នាក់ ក្នុងនោះអ្នកវិជ្ជមានជំងឺកូវីត១៩ ចំនួន១១នាក់ ហើយជាសះស្បើយចំនួន៨នាក់ បើសរុបទាំងអ្នកជំងឺម្នាក់ បានជាសះស្បើយ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសពិធីប្រគល់-ទទួលទឹកសុទ្ធអេរ៉ូទិចចំនួន៥០កេស ពីលោក ឈឹម ទិតប៉ូរ៉ាស៊ី និងភរិយា ទៀង វ៉ានធី តំណាងឲ្យលោកឧកញ៉ា ទៀង ថៃ និងលោកស្រី វណ្ណ លុយ អគ្គនាយិកាក្រុមហ៊ុនទឹកពិសាអេរ៉ូទិច។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ រួមទាំងក្រុមហ៊ុនទឹកពិសាអេរ៉ូទិច ដែលបានជួយឧបត្ថម្ភជូន ដល់ក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការពិនិត្យ-ព្យាបាល និងកន្លែងធ្វើតេស្ដជំងឺកូវីដ១៩។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន ទឹកបរិសុទ្ធអេរ៉ូទិច ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ឃ្លាតឆ្ងាយពីគ្រួរសារ ដើម្បីការពារ ព្យាបាលទប់ស្កាត់ និងជំងឺដ៏កាចសាហាវ (កូវីត១៩)។ សូមឲ្យប្រទេសកម្ពុជា បានឆ្លងផុតពីជំងឺកូវីត១៩ក្នុងពេលឆាប់ខាង មុខនេះ។

សូមជម្រាបថា បើគិតមកត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ទៅ៣៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១១០នាក់ នៅកម្ពុជា៕