(តាកែវ)៖ សំណង់ស្ថានីយ៍ប្រេងឥន្ទនៈអត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិរលាំងគ្រើល ឃុំត្រពាំសាប ស្រុកបាទី ដែលកំពុងតែធ្វើការសាងសង់ ត្រូវបានអាជ្ញាធរ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ចុះហាមឃាត់ នឹងរឹបអូសយកសម្ភារមួយចំនួន មករក្សាទុកនៅសាលាស្រុកបាទី បន្ទាប់ពីសំណង់ស្ថានីយ៍ប្រេងឥន្ទនៈនេះ សាងសង់មិនមានច្បាប់ត្រឹមត្រូវ។

លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ ដែលដឹកនាំមន្រ្តីជំនាញ និងសមត្ថកិច្ចចុះហាមឃាត់សំណង់ខុសច្បាប់នេះផ្ទាល់ បានថ្លែងឲ្យដឹងថា ការចុះហាមឃាត់ និងរឹបអូសសម្ភារមួយចំនួនពីស្ថានីយ៍ ប្រេងឥន្ទនៈដែលកំពុងតែធ្វើការសាងសង់នេះ គឺបន្ទាប់ពីអាជ្ញាធខេត្តបានទទួលលិខិតពីអាជ្ញាធស្រុកបាទី ដែលបានស្នើសុំ មន្រ្តីជំនាញបច្ចេកទេសខេត្ត ចុះមកហាមឃាត់សំណង់ស្ថានីយ៍ប្រេងអត់ ច្បាប់អនុញ្ញាតខាងលើ។

លោកអភិបាលរងខេត្តតាកែវ បានថ្លែងបន្តថា កន្លងមករដ្ឋបាលស្រុកបាទី បានចុះមកហាមឃាត់សំណង់ខាងលើជាច្រើនលើកច្រើនសារ និងបានចេញលិខិតផ្អាក ការសាងសង់ថែមទៀតផង ក៏ប៉ុន្តែម្ចាស់ការដ្ឋាន សំណង់មិនបានអនុវត្តន៍ ទៅតាមការណែនាំរបស់អាជ្ញាធស្រុកបាទីនោះទេ។

បើយោងតាមមន្រ្តីសាលាស្រុកបាទី ម្ចាស់ការដ្ឋានសំណង់ស្ថានីយ៍ប្រេងឥន្ទនៈខាងលើឈ្មោះ ម៉ី សាវ៉ាន់ បានធ្វើការសាសង់សំណង់ស្ថានីយ ប្រេងឥន្ទនៈ គ្មានការអនុញ្ញាតច្បាប់ ពីអាជ្ញាធ ឬមន្រ្តីជំនាញសូរិយោដីនោះទេ ហើយការសាងសង់ដោយបំពានច្បាប់នេះ គឺម្ចាស់សំណង់បានចូលហ៊ុន ជាមួយមន្រ្តី ជាក្រុមការងារ ចុះជួយស្រុកបាទី ជាពិសេសអាងលោកឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃម្នាក់ ចាំជួយអន្តរាគមន៍គ្រប់ពេលវេលា៕