(ព្រៃវែង)៖ លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ដោយអនុវត្តន៍តាមការណែនាំរបស់អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារភូមិ ឃុំ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងចែកប៉ូស្ទ័រពីវិធីការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ ដល់ប្រជាពលរដ្ឋ។

លោក យស់ ស៊ីណាត ក៏បានលើកឡើងដែរថា ការចុះផ្សព្វផ្សាយនេះគឺក្នុងគោលបំណងដើម្បីបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋឲ្យគាត់បានយល់ដឹង កាន់តែច្បាស់ អំពីវិធានការការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid១៩ ដែលកំពុងតែឆ្លងមកប្រទេសកម្ពុជាយើងនេះ។

ជាពិសេសក្រុមគ្រួសារ ដែលមានបងប្អូន កម្មករចំណាកស្រុកនៅក្រៅទេស ដើម្បីឲ្យគាត់យល់ដឹងអំពីបញ្ហានៃជំងឺកូវីដ១៩ នឹងបានយល់អំពីការឆ្លងនៃវីរុសនេះយ៉ាងម៉េច និងរយៈពេលនៃការចេញ រោគសញ្ញាយ៉ាងមិច ហើយនៅពេលដែលគាត់ត្រឡប់មកត្រូវដាក់គាត់ដាច់ដោយឡែកចំនួន ១៤ថ្ងៃពីក្រុមគ្រួសារ នៅពេលគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយគ្រូពេទ្យពិនិត្យសុខភាពគាត់ថាមិនមានជំងឺកូវីដនោះទេ ទើបអនុញ្ញាតឱ្យគាត់ទៅជួបជុំគ្រួសារវិញ។

អភិបាលស្រុក ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃស្រុកពោធិ៍រៀង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលមានដូចជា៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា លទ្ធផលសំណាករបស់មន្ទីរសុខាភិបាលខេត្តព្រៃវែងចំនួន ១២នាក់ ដែលបានយក ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលបានទទួលលទ្ធផលនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ គឺអវិជ្ជមានទាំង ១២នាក់។ ដូច្នេះនៅទូទាំងខេត្តព្រៃវែងមិនទាន់មានជំងឺ COVID-19 នៅឡើយទេ៕