(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីថ្មីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទើបតែប្រកាសចូលកាន់តំណែងជាផ្លូវការ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្ដេជ្ញាចិត្ត នឹងធ្វើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លាយជាក្រសួងដ៏គំរូមួយ ក្នុងចំណោមក្រសួងជាច្រើនទៀត របស់រាជរដ្ឋាភិបាល។

ការប្ដេជ្ញាចិត្ដយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងពេលឡើងប្តេជ្ញាចិត្ត ក្នុងពិធីប្រកាសចូលកាន់តំណែង លោក ជា វ៉ាន់ដេត បានប្ដេជ្ញាពង្រឹងការគ្រប់គ្រង រដ្ឋបាលក្រសួង ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញ មុខងាររបស់ខ្លួន និងសន្សំសំចៃថវិការបស់រដ្ឋ ក្នុងកម្រិតឲ្យបានជាអតិបរិមា។

លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា៖ «ខ្ញុំនឹងធ្វើឲ្យក្រសួងនេះ (ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) ជាក្រសួងមួយគំរូ ក្នុងចំណោម ក្រសួងជាច្រើន របស់រាជរដ្ឋាភិបាល»

ដើម្បីឆ្លើយតបទៅនឹងសេចក្ដីទុកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋសភាជាតិនៃកម្ពុជា និងដើម្បីជាសក្ខីភាព ក្នុងព្រឹត្ដិការណ៍ដ៏មានអត្ថន័យនេះ លោក ជា វ៉ាន់ដេត បានធ្វើការប្ដេជ្ញាចិត្ដបន្ថែមទៀត ចំពោះអង្គពិធីទាំងមូល ដូចខាងក្រោម៖

* ទី១៖ បេ្ដជ្ញាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

* ទី២៖ គោរព និងបេ្ដជ្ញាស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

* ទី៣៖ ខិតខំអនុវត្ដកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា លើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺអាចពង្រីកវិសាលភាព ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ គ្របដណ្ដប់ឲ្យបាន ដល់តំបន់ ជនបទដែលគ្មានសេវា ឬមានសេវាទូរគមនាគមន៍មិនទាន់គ្រប់គ្រាន់ និងតំបន់ជនបទ ដែលមានសក្ដានុពលខាងសេដ្ឋកិច្ច និងទេសចរណ៍។

* ទី៤៖ បន្ដជំរុញ និងផ្ដល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យបានល្អ ដើម្បីឲ្យមន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្ដគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្រាប់អាណត្ដិទី៦នេះ នឹងអាណិត្ដក្រោយៗទៀត។

* ទី៥៖ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់ថ្នាក់ដឹកនាំ នៅគ្រប់លំដាប់ថ្នាក់ គ្រប់កម្រិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

គូសបញ្ជាក់ថា លោក ជា វ៉ាន់ដេត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតយល់ព្រម តាមសំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា វ៉ាន់ដេត កើតឆ្នាំ១៩៧១។ កាលពីឆ្នាំ២០១៧ លោកគឺជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួសលោក សុខ អាន។ លោកក៏ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ផងដែរ។

ថ្ងៃដំបូង នៃការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ លោក ជា វ៉ាន់ដេត ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ៕