(មណ្ឌលគិរី)៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកស្រី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូន លោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស នៅអាស្រមលោកតាភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។

នាឱកាសនេះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួងដល់អស់វត្ថុស័ក្កសិទ្ធក្នុងលោក ជាពិសេសទស្សបារមីដែលថែរក្សាទឹកដីនៃខេត្តមណ្ឌលគិរី មានលោកតាស្រុះ យាយផ្លុំ សូមតាមជួយឃុមគ្រងថែរក្សា ប្រជាពលរដ្ឋក្នុងខេត្ត សូមមានសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសជៀសផុតជំងីកូវីដ១៩។

ជាការកត់សម្គាល់សម្រាប់ខេត្តមណ្ឌលគីរី រហូតមកដល់ថ្ងៃនេះ មិនមានអ្នកណាឆ្លងជំងឺ COVID-19 នោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតហើយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូត ដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន ៧៦នាក់ នៃអ្នកឆ្លងសរុប ១១០នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ករណីជាសះស្បើយចំនួន ០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។

ដោយឡែក ករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក៕