(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំបន្ទាន់មួយ លើការងារត្រៀមគ្រប់គ្រងពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ និងប្រទេសផ្សេងទៀត ដើម្បីបង្កាទប់ស្កាត់ជុំវិញជំងឺឆ្លងកូវីដ-១៩។

អភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា មន្រ្តីទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពី វិធានការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ឲ្យប្រកបដោយសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។

រដ្ឋបាលខេត្តកំពត បានប្រាប់បណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គភាពអាជ្ញាធរ ក្រុង ស្រុក ដែលជាក្រុមការងារត្រូវតែចូលរួមយកចិត្តទុកដាក់សហការគ្នា ក្នុងការដឹកជញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះ ដែលមកពីប្រទេសថៃ ដោយទទួលខុសត្រូវខ្ពស់ទាំងសុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក៏ដូចជា ជីវភាពរស់នៅខ្វះខាតសម្រាប់ពលរដ្ឋទាំងអស់នោះ ពេលមកកាន់មូលដ្ឋានរៀងៗខ្លួន។

អភិបាលខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើអាជ្ញាធរក្រុងស្រុក ត្រូវតាមដាន និងគាំទ្រដល់អាជ្ញាធរឃុំ-សង្កាត់ និងភូមិឲ្យមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថា ពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត ដោយអនុវត្តនូវវិធានការការពារខ្លួនឱ្យបាន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់រហូតដល់ភូមិ ឱ្យមានកិច្ចសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូផ្សាយជាសំឡេងអប់រំ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅមូលដ្ឋានរៀងៗខ្លួន។ ពិសេសភូមិ ឃុំ សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋច្រើនទើបវិលត្រឡប់មកពីប្រទេសថៃ៕