(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ ២០២០នេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០ លីត្រ ។

លោក ហេង មាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឱ្យអនុវត្ត ទាក់ទងនឹងការរឹតបន្តឹង ការត្រួតពិនិត្យទំនិញ ជាពិសេសទំនិញ អាល់កុល និងជែលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាស ដែលវីរុសកូវីត១៩ (COVID-19) កំពុងរីករាលដាល ហើយណាមួយនោះ អាល់កុលក្លែងក្លាយក៏បានកំពុងចរាចរណ៏ក្នុងទីផ្សារច្រើនផង។ លោកបានបន្តថា នៅក្នុងប្រតិបត្តិការរួមគ្នានេះ ដោយមានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសម្របសម្រួល ក្រុមការងារបានដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) បានចំនួន ១០០ប៊ីដុង ស្មើនឹង៣០០០ លីត្រ ។

សូមជម្រាបផងដែរថាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក្នុងយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) រហូតមកថ្ងៃនេះបានចំនួន ៤៧៧៦ លីត្រ នឹងតាមការបញ្ជាក់របស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំមេតាណុល ជាសារធាតុពុល នឹងមិនអាចយកទៅប្រេីសម្រាប់លាងដៃសម្លាប់មេរោគបានទេ និងធ្វើឱ្យប៉ះពាល់សុខភាពអ្នលប្រើប្រាស់ថែមទៀតផង។

ក្នុងនោះដែរ លោក ហេង មាលី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញទំនិញ ជាពិសេសអាល់កុល និងជែលលាងដៃនេះ មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក៏បានធ្លាប់អំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់ អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយ ទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ (Trace back) និងស្វែងរកប្រភពនាំចូល ដើម្បីអគ្គនាយកដ្ឋានងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្ថុច្បាប់ ៕