(ភ្នំពេញ)៖ ម៉ាស់ចំនួន ២០ម៉ឺនម៉ាស់ ក្នុងចំណោម១លានម៉ាស់ ដែលជាជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនចិន HODO GROUP បានដឹកមកដល់ប្រទេសកម្ពុជាហើយ ហើយក៏បានប្រគល់ជូនទៅកាកបាទក្រហមកម្ពុជាផងដែរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។

ម៉ាសដំបូងចំនួន ២០ម៉ឺននេះ ត្រូវបានលោក CAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេសដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រគល់ជូនលោកស្រី អានី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ។

លោក WU GUOQUAN ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចអមស្ថានទូតចិន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលនេះផងដែរ។

នៅក្នុងពិធីនេះ លោកស្រី អានី សុខអាន បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន HODO GROUP ដែលផ្ញើពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងលិខិតថ្លែងអំណរគុណនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរថា «កាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់សម្ភារៈទាំងនេះក្នុងសកម្មភាពមនុស្សធម៌ឱ្យអស់លទ្ធភាព ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចដែលយើងបាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ចិននិងកម្ពុជារួមចិត្តតែមួយ»។

លោក CAO JIANJIANG អគ្គនាយកក្រុហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងក្នុងពិធីនោះថា កន្លងមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា ការឧបត្ថម្ភម៉ាស់មិនគ្រាន់តែបានបង្ហាញពីការគោរពដ៏ឧត្តុង្គឧត្តមពីក្រុមហ៊ុន HODO GROUP និងក្រុហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុណ្ណោះទេ។ តែបានបង្ហាញឱ្យឃើញនូវមិត្តភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជាទៀតផង។

លោកអគ្គនាយកបន្តថា នៅថ្ងៃក្រោយ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តប្រកាន់ខ្ជាប់នូវនយោបាយឈ្នះៗ ក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យមានដំណើរការល្អប្រសើ ដើម្បីផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាខិតខំប្រឹងប្រែងជំរុញឱ្យចំណងមិត្តភាពកម្ពុជា និងចិន ឈានទៅដល់កំរិតថ្មីៗបន្ថែមទៀត។

លោកស្រី អានី សុខអាន បានថ្លែងអំណរគុណដោយស្មោះចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមហ៊ុន HODO GROUP ដែលបានផ្តល់ជំនួយជូនដល់ប្រទេសកម្ពុជា។

លោកស្រី បានលើកឡើងថា ប្រទេសកម្ពុជា និងចិនជាមិត្តល្អ មិត្តពិតប្រាកដ។ លោកស្រី បានកត់សម្គាល់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា រដ្ឋាភិបាលចិន និងប្រជាជនចិន បានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ដោយបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកកាន់ប្រទេសកម្ពុជា និងឧបត្ថម្ភសម្ភារវេជ្ជសាស្រ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

លោកស្រី បានគូសបញ្ជាក់ថា ម៉ាស់ដែលឧបត្ថម្ភដោយក្រុមហ៊ុន HODO GROUP គឺជាសម្ភាដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការបន្ទាន់នាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលកម្ពុជានឹងចងចាំទុកក្នុងចិត្តជានិច្ច។

លោក WU GUOQUAN ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនបានលើកឡើងក្នុងឱកាសនោះថា ចិន និងកម្ពុជាមានចំណងមិត្តភាពដូចជាគ្រួសារ គឺជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា និងស្រឡាញ់គ្នាក្នុងគ្រាក្រ។

លោកបានរំឡឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ពេលប្រទេសចិនស្ថិតក្នុងដំណាក់កាលលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងជាបន្ទាន់ នេះគឺជាអំណោយថ្លែថ្លាជាងគេដែលប្រជាជនចិនទទួលបាននៅពេលនោះ។

លោកបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋាភិបាលចិន និងសង្គមស៊ីវិលចិន បានផ្តល់ការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមមធ្យោបាយផ្សេងៗជាបណ្តើរៗ ក្នុងនោះ រួមមានសហគ្រាសចិន មានសមត្ថភាពដូចជាក្រុមហ៊ុន HODO GROUP ជាដើម បានជួយដល់កម្ពុជា។

លោកយល់ឃើញថា កាកបាទក្រហមកម្ពុជា ជាអង្គការសប្បុរសធម៌ដែលមានឥទ្ធិពលខ្លាំងនៅប្រទេសកម្ពុជា ដូច្នេះលោកជឿជាក់ថា ម៉ាស់ចំនួនមួយលានដែលឧបត្ថម្ភដោយក្រុមហ៊ុន HODO GROUP ពិតជាអាចដើតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រជាជនកម្ពុជា។

លោក WU GUOQUAN ក៏ជឿជាក់យ៉ាងមុតមាំដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ពិតជាអាចយកឈ្នះលើកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាក់ជាមិនខាន៕