(ត្បូងឃ្មុំ)៖ សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដាក់ដំណើរការហើយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ គណៈថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្ទាប់ ហើយចំពោះការដំណើរការកាត់រឿងក្តីនោះ នៅមិនទាន់ដឹងច្បាស់ថាមាន ឬអត់នៅឡើយទេ។ នេះបើតាមការឲ្យដឹងពីលោក ជុំ ស ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ។

លោក ជុំ ស បានបន្ថែមថា ចំពោះទីតាំងសាលាដំបូងខេត្តត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ក៏នៅដំណើរការជាធម្មតារង់ចាំពេលបន្ទាប់នឹងប្តូរទៅទីនោះវិញ។

គួរឱ្យដឹងដែរថា សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖

*ទី១៖ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
*ទី២៖ សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
*ទី៣៖ សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
*ទី៤៖ សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ
*ទី៥៖ សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
*ទី៦៖ សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
*ទី៧៖ សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
*ទី៨៖ សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បង្កើតឡើងនូវសាលាឧទ្ធរណ៍ចំនួន ៤តំបន់ មាន៖ ក្រៅពីសាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់រឿងក្តីរបស់ ប្រជាពលរដ្ឋតាមរាជធានីខេត្តនីមួយៗ។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប នៃសាលាឧទ្ធរណ៍តំបន់ចំនួន៣ ក្នុងនោះមានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចំនួន៦រូប បាត់ដំបង ចំនួន៦រូប និងព្រះសីហនុ ចំនួន៦រូប៕