(សៀមរាប)៖ ព្រះកេសសិលារបស់ព្រះសីសៈចំនួន ២ មានទេវតា ១ និងអសុរៈ (យក្ស) ១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច នៃក្រុងអង្គរធំ ត្រូវបានក្រុមការងារចុះបញ្ជីសារពើ ភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។

លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតា ដែលបានប្រទះឃើញមាន ៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរៈវិញ មានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និងពុំមានព្រះភក្ត្រទេ។

ការប្រទះឃើញព្រះបដិមាសីសៈទាំងពីរនៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ ចម្លាក់ទាញព្រ័ត្រនោះ ត្រូវបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត។

ក្រោយធ្វើការប្រគល់ទទួលហើយ ព្រះបដិមាសីសៈទាំងពីរនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ៕