(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកថ្មគោល ខេត្តបាត់ដំបង នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងជម្រាបជូនប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រយុទ្ធប្រឆាំង និងវិធីការពារនៃជំងឺ Covid-19 នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយគ្នានេះក្រុមការងារក៏បានចុះនាំអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង យកទៅចែក ជូនដល់ពលរដ្ឋ ១៣គ្រួសារ ក្នុងនោះពលរដ្ឋក្រីក្រ ៥គ្រួសារ នៅភូមិអូរតាគី និង៨គ្រួសារ នៅភូមិពពាលខែ ដោយសារខ្យល់កន្ត្រាក់ ឃុំអូរតាគីពលរដ្ឋរងគ្រោះ ក្នុងស្រុកថ្មគោលកន្លងទៅ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានជម្រាបជូនទៅប្រជាពលរដ្ឋនៅក្នុងឃុំតាគី ដែលទើបមកពីធ្វើការនៅជាយដែនកម្ពុជា-ថៃក្តី អ្នករស់នៅក្នុងភូមិក្តីត្រូវយល់ដឹង សភាពការបច្ចុប្បន្នជំងឺ Covid-19 ថ្មីកំពុងរីករាលដាលលើពិភពលោកយ៉ាងលឿន និងសាហាវបំផុត ឯនៅកម្ពុជាប្រជាពលរដ្ឋយើងបានឆ្លងពីប្រទេសគេ តាមរយៈប្រាស្រ័យទាក់គ្នា ជាមួយអ្នកផ្ទុកមេរោគនេះ។

ដោយឡែក នៅឃុំអូរតាគី មិនទាន់មានការឆ្លងជំងឺនេះនៅឡើយ ដូចនេះហើយ យើងក៏មិនធ្វេសប្រហែសដែរ ហើយត្រូវការពារពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះតាមការណែនាំរបស់ក្រសួង សុខាភិបាលកម្ពុជា និងនាំគ្នាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់ពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។

លោក សួស អង្គារ៍ បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តវិធី កាត់បន្ថយហានិភ័យពីការឆ្លងជំងឺ Covid-19 ដូចជា ត្រូវលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើក្រមា ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ, ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ អ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ឬអ្នកជម្ងឺ, ពេលមិនទាន់លាងដៃសូមកុំប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ដោយឥតគិតថ្លៃ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

ក្នុងឱកាសណែនាំតាមវិធីការពារនេះដែរ លោក សួស អង្គារ៍ ក៏បានចែកអំណោយដោយផ្តល់ប្រជាពលរដ្ឋ នៅភូមិពពាលខែមាន ៨គ្រួសារ រងដោយសារខ្យល់កន្រ្តាក់ ដោយម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម តង់១ ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ ក្រមា២ អាវយឺត៥ និងថវិកា១២ម៉ឺនរៀល។ ដោយឡែកជនពិកា ក្រីក្រ ចាស់ជរា ចំនួន៥គ្រួសារនៅភូមិអូរតាគី ម្នាក់ៗទទួលបាន អង្ករ២៥គីក្រាម ទឹកស៊ីអ៊ីវ១យួរត្រីខកំប៉ុង១យួរ ធុងកាក់ទឹក១ ប៊ីដុង១ ថវិកា៧ម៉ឺនរៀល។

បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ និងជនក្រីក្រក្នុងឃុំអូរតាគីទាំង១៣នាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែដឹងសុខទុក្ខ និងបានជួយប្រជាពលរដ្ឋរងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕