(កណ្ដាល)៖ ករណីក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីងរបស់លោក ពោច សួរ ចាក់ដីរំលោភយកដីបឹងសាធារណៈធ្វើជាកម្មសិទ្ធិឯកជន និងមានបង្ហាញទស្សនៈស្ដីពីការបារម្ភណ៍យ៉ាងខ្លាំងរបស់ពលរដ្ឋ , លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា លោកបានបញ្ជាទៅលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ត្រូវបើកវេទិកាសាធារណៈ ជាមួយពលរដ្ឋជុំវិញបញ្ហានេះ។

ពលរដ្ឋចំនួន២ភូមិ ដែលមានដីជាប់ផ្ទៃបឹងក្នុងភូមិអន្លង់ និងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បានចោទប្រកាន់ អាជ្ញាធរភូមិឃុំ និងស្រុកបើកភ្លើងខៀវ ទើបក្រុមហ៊ុននិស្ស័យស្នេហ៍ត្រេឌីងរបស់លោក ពោច សួរ ហ៊ានចាក់ដីលុបបឹងសាធារណៈយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានកោតក្រែងច្បាប់អ្វីឡើយ។

ទាក់ទងនឹងរឿងក្រុមហ៊ុនឯកជនហ៊ានចាក់អាចដីលប់បឹងធម្មជាតិដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងជាបឹងប្រជាពលរដ្ឋពីរភូមិអាស្រ័យផលយកទឹកប្រើប្រាស់ និងនេសាទត្រីជាលក្ខណៈគ្រួសារ ខាងលើនេះ អភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា លោកបានឲ្យផ្អាកសកម្មភាព ទាំងអស់ ដើម្បីចុះពិនិត្យមើលស្ថានភាពដីបឹងវាស់វែងឱ្យដឹងពីទំហំពិតប្រាកដ។

ចំណែកលោក សុខ កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល ដែលទើបឡើងថ្មី បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងផងដែរថា «តំបន់ណឹងវាជាដីបឹង ទេ...ហើយយើងក៏អត់មានចេញប័ណ្ណចេញអីឱ្យគាត់ទេ ហើយអាជ្ញាធរស្រុកចុះផ្អាកសកម្មភាពគាត់ហើយ»

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋម្នាក់ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកមានការសោកស្តាយ និងព្រួយបារម្ភចំពោះការបាត់បង់បឹងធម្មជាតិ ដែលជាសម្បត្តិរួមក្នុងភូមិនេះណាស់។ លោកបន្តថា «ខ្ញុំអាយុជិត ៤០ឆ្នាំហើយ កើតមកឃើញបឹងនេះតែម្តង។ បឹងនេះធំណាស់កាលពីមុន (ទំហំ អាចពី៣ ទៅ៤ហិកតា ឯណោះ) តែឥឡូវកាន់តែរួមតូចទៅៗ ដោយសារប្រជាពលរដ្ឋ នៅជាប់បឹងនេះ ចេះតែទន្រ្ទានចូលដីបឹង ហើយបច្ចុប្បន្ន កំពុងមានឈ្មួញចាក់ដីលុបយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនទៀត»

ប្រជាពលរដ្ឋបានបន្តថា អ្នកទិញដីបឹងឈ្មោះ ពោច សួរ បានត្រូវរ៉ូវគ្នាជាមួយភូមិ ឃុំ រហូតដល់ថ្នាក់លើផ្សេងទៀត បានជាឲ្យឯកជនលុបបឹងនេះយកមិនមានការប្រជុំ ឬធ្វើវេទិកាសាធារណៈ ឲ្យប្រជាជនក្នុងភូមិបានដឹង បានឮសោះឡើយ។

ប្រជាពលរដ្ឋម្នាក់ទៀត នៅភូមិបឹងក្រចាប់ជើង បានលើកឡើងថា «ខ្ញុំយល់ថា ការធ្វើនេះមិនមានតម្លាភាពសម្រាប់អ្នកភូមិ។ ខ្ញុំមើលឃើញហេតុផលជាច្រើនដែលមិនត្រូវលុបបឹងនេះទាល់ តែសោះ ព្រោះបឹងនេះជាកន្លែងដោះទឹកយ៉ាងសំខាន់សំរាប់ភូមិនៅរដូវវស្សា ជាកន្លែងស្តុកទឹកសំរាប់ស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងមធ្យោបាយផ្សេងៗទៀត របស់អ្នកភូមិ ជាជម្រកត្រី និង សត្វពាហនៈជាដើម។ បើការលុបបឹងនេះ ក្នុងរូបភាពនៃការដោះដូរ ឬរូបភាពនៃការអភិវឌ្ឍន៏អ្វីមួយ ខ្ញុំគិតថាក៏វាមិនត្រូវដែរ ព្រោះអាជ្ញាធរគេមានកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំរបស់គេ»

គាត់បានបន្តថា «បើលុប គឺយើងបាត់បង់បឹងទៅឈ្មួញទាំងស្រុង តែបើឈ្មួញស្តារយកអាចម៏ដី ក៏យើងនៅបឹងសម្បូរទឹក សម្បូរត្រីដែរ។ ខ្ញុំគាំទ្រលើការស្តារជាងការលុបបឹង។ ខ្ញុំចង់ឱ្យរក្សាបឹងនេះដូចដើម ឬក៏ឈ្មួញស្តារយកតែអាចម៍ដីបាន ធ្វើដូចនេះគឺយើងជាប្រជាពលរដ្ឋបានបឹង មានទឹកច្រើនផង និងមិនបាត់បង់ផ្ទៃបឹងដែរ ចំណែកឈ្មួញគេអាចយកអាចម៍ដី សំរាប់អាជីវកម្មរបស់គេបាន»