(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើប្រតិបត្តិការបង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ បានមួយចំនួនធំ និងបានរំដោះជនជាតិវៀតណាមចំនួន ១៥នាក់ ដែលគេបង្ខាំងនៅក្នុងបន្ទប់ជួលមួយកន្លែង នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានព័ត៌មានពីកម្លាំងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងការបង្ខាំង មនុស្សខុសច្បាប់ និងជួញដូរ រក្សាទុកគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំនៅចំណុចផ្ទះជួលខាងលើ កម្លាំងនគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពក្រុងបាវិត បានចុះដល់ទីតាំងផ្ទះជូលខាងលើ ធ្វើការត្រួតពិនិត្យ និងឆែកឆេរ។

នគរបាលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ បានរកឃើញជាជនជាតិវៀតណាមចំនួន ១៥នាក់ ស្រី០៣នាក់ (អ្នកមើលការខុសត្រូវចំនួន១នាក់) ត្រូវបានគេ បង្ខាំងទុកនៅក្នុងបន្ទប់ជួលខាងលើ។ បន្ទាប់មកដោយមានការសង្ស័យសមត្ថកិច្ចបានបន្តឆែកឆេរបន្ទប់ជួលលេខ០៦ និងលេខ០២ ដែលគ្មានមនុស្សនៅ ហើយចាក់សោរ ទ្វា បានរកឃើញក្នុងបន្ទប់លេខ០៦ មានថ្នាំញៀនមេតំហ្វេតាមីន ចំនួន ០២កញ្ចប់ ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួន០១ និងថ្នាំគ្រាប់ជក់ស៊ីហ្សាចំនួន០៥ដុំ និង ០៩គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត។ ក្នុងបន្ទប់លេខ ០២ មានថ្នាំមេតំហ្វេតាមីនចំនួន០១កញ្ចប់តូច។

ក្រោយធ្វើការសាកសួរជនជាតិវៀតណាមឈ្មោះ ង្វៀង យាំងឌាំង អាយុ៣៥ឆ្នាំ (អ្នកមើលការខុសត្រូវបន្ទប់ជួលខាងលើ) បានឆ្លើយបញ្ជាក់ប្រាប់ថា បន្ទប់លេខ០៦ គឺមានជនជាតិវៀតណាមជានារី មិនស្គាល់អត្តសញ្ញាណ (មានរក្សាទុកគ្រឿងញៀន និងឧបករណ៍ជក់គ្រឿងញៀនច្រើន) ហើយនាងធ្វើការនៅក្លឹបព្រះអាទិត្យ និងមានបន្ទប់ជួលនៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលបានចម្លើយសារភាពខាងលើគណៈកម្មការចម្រុះ បានធ្វើការបន្តចុះឆែកឆេរបន្ទប់នៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស (តែជនសង្ស័យបានគេចខ្លួនមុន) សមត្ថកិច្ចបានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ជាមេតំហ្វេតាមីនចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់) ម្សៅម៉ដ្ឋពណ៌សមួយថង់ធំ ម្សៅក្រាមពណ៌ផ្កាឈូក០១ថង់។ ម្សៅក្រាមពណ៌ប្រផេះ០១ថង់ និងថ្នាំគ្រាប់ពណ៍ទឹកក្រូច០១ថង់ ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់តូច ថ្នាំគ្រាប់អ៊ិចស្តាស៊ី០៤គ្រាប់ ម្សៅម៉ដ្ឋពណ៍សចំនួន០៧ដប ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿងទឹកថ្នាំដប ១០ដប។

ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួនប្រាំដើមធំសារធាតុគីមីផ្សំ០២ថូ កុំព្យូទ័រlaptopចំនួន០៣គ្រឿង ipad០១គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង ប្រាក់រៀល៥៤ម៉ឺនរៀល ម្សៅក្រាមពណ៌ប្រផេះចំនួន ០១កញ្ចប់ ឯកសារនិងសម្ភារៈពាក់ព័ន្ធឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សរុបដកហូតវត្ថុតាងទាំងពីរគោលដៅរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ (ធំ៣) មានទម្ងន់ ៦២.៤៧ក្រាម, ថ្នាំគ្រាប់ចំនួន២០៥គ្រាប់ ទម្ងន់ ៤១.៥៩ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ម្សៅក្រាមពណ៌ផ្កាឈូក០១ កញ្ចប់ ទម្ងន់១២៩.១៦ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ម្សៅក្រាមពណ៌លឿងប្រភេទអ៊ិចស្តាស៊ី ០១កញ្ចប់ទម្ងន់ ៧៣.០៨ក្រាម,
ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ ជាមេតំហ្វេតាមីន ទម្ងន់ ២០៦.៥៤ក្រាម, ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ ជាមេតំហ្វេតាមីនទម្ងន់ ២.៦៤ក្រាម, ម្សៅម៉ដ្ឋពណ៌ប្រផេះ ០១កញ្ចប់ ជាប្រភេទអ៊ិចស្តាស៊ីទម្ងន់ ៨.៤៦ក្រាម, ថ្នាំគ្រាប់ចំនួន ០៤គ្រាប់ពណ៌បៃតង ០៣គ្រាប់ ពណ៌ផ្កាឈូក ០១គ្រាប់ ទម្ងន់ ១.០៩ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, ថ្នាំគ្រាប់ពណ៌ខ្មៅ ចំនួន០៥ដុំ និង ០៩គ្រាប់ ទម្ងន់ ៣៥០.៨៥ក្រាម ជាប្រភេទអ៊ិចស្តាស៊ី, សារធាតុគីមីផ្សំ(រាវ) ពណ៌ត្នោតចំនួន ១០ដប ទម្ងន់ ៣៦៦.៥១ក្រាម

សារធាតុគីមីផ្សំ (ម៉ដ្ឋ) ពណ៌សចំនួន ០៧ដប ទម្ងន់ ១១៦.៨៤ ក្រាម, សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌ផ្កាឈូកទម្ងន់ ១១៨៩.២០ក្រាម ជាមេតំហ្វេតាមីន, សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌សទម្ងន់ ៨២០.៥៨ក្រាម ជាមេតំហ្វេតាមីន ។ សរុបទម្ងន់រួមគ្រឿងញៀន និងសាធាតុគីមីផ្សំ ៣,៣៦៩.០១ ក្រាម គិតទាំងសំបកវេចខ្ចប់ និងដប។

បច្ចុប្បន្នវត្ថុតាងពាក់ពន្ធ័ត្រូវបានកម្លាំងជំនាញធ្វើការរឹបអូសនិងវេចខ្ចប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការកសាងសំណុំរឿងចាត់ការបន្តតាមនីតិ វិធី រីឯបន្ទប់ជួលទាំងពីទីតាំងខាងលើត្រូវបានក្រុមការងារចំរុះសម្រេចបិទផ្លុំបេរជាបណ្តោះអាសន្ន។ ក្នុងករណីនេះក្រុមជនសង្សយ័បានគេចខ្លួនបាត់ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ៕